ក្នុងសង្គមទំនើបបច្ចុប្បន្ននេះ គូស្នេហ៍វ័យជំទង់ៗភាគច្រើន ត្រូវបានគេជឿជាក់ថា បានភ្លើតភ្លើនឈានទៅប្រព្រឹត្តអំពើផ្លូវភេទរួចទៅហើយ ខណៈពួកគេពុំទាន់ព្រមព្រៀងគ្នារៀបចំគ្រួសារមួយស្របច្បាប់នៅឡើយ ។ បញ្ហានេះបានធ្វើឲ្យពួកគេប្រឈមផ្លូវបញ្ហាផ្លូវចិត្តខ្លាំង នៅពេលពួកគេជ្រុលជ្រួសបណ្តែតបណ្តោយឲ្យមានផ្ទៃពោះដែលពុំចង់បាន ។ ហើយករណីដ៏អាណោចអាធម មកលើទារកបោះបង់ចោល តែងត្រូវគេរកឃើញស្ថិតនៅទីសាធារណៈ ដូចជាក្នុងធុងសំរាមជាដើម ។
ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗនេះ សពទារកបោះបង់ចោលម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតស្លុតរន្ធត់ជាខ្លាំង ខណៈឃើញវាកំពុងត្រូវបានមេឆ្កែអនាថា១ក្បាល ពាំយូររត់កាត់ផ្លូវ ។
ទោះយ៉ាងណា មេឆ្កែ១ក្បាលដែលកំពុងពាំទារកស្លាប់ម្នាក់នោះ បានទម្លាក់វាចោលនៅលើផ្លូវវិញ និងរត់ចេញទៅ បន្ទាប់ពីអ្នកដំណើរម្នាក់បានព្យាយាមតាមថតវីដេអូពីសកម្មភាពរបស់វា ។
ទន្ទឹមនោះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើន បានផ្ទុះកំហឹងយ៉ាងខ្លាំង ទៅនឹងទង្វើរបស់ម្តាយទារកនេះ ដែលមិនអាចគ្រប់គ្រងការទទួលខុសត្រូវ នូវលទ្ធផលដែលខ្លួនបានធ្វើឡើង និងផ្ទុយទៅវិញ បែរជាបានបង្កឲ្យកើតរឿងឲ្យគេឯងស្អប់ខ្ពើមបែបនេះ ៕ ចន្ទី