ប៉ូលីសឥណ្ឌូណេស៊ី កំពុងស៊ើបអង្កេតករណីចម្លែករបស់ស្ត្រីអាយុ ២៥ ឆ្នាំម្នាក់ ដែលអះអាងថា នាងទើបបានសម្រាលកូនថ្មីៗនេះ បន្ទាប់ពីមានខ្យល់បក់ខ្លាំង ដែលធ្វើឲ្យនាងមានផ្ទៃពោះ។
ស្ត្រីវ័យក្មេងដែលត្រូវបានគេស្គាល់ឈ្មោះ Siti Zainah បានក្លាយជាប្រធានបទនៃការសើចចំអកពាសពេញប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីបានអះអាងថា ខ្លួនត្រូវបានធ្វើឲ្យមានផ្ទៃពោះ ដោយសារខ្យល់បក់បោកយ៉ាងខ្លាំង កាលពីថ្ងៃទី១០ ខែកុម្ភៈ។ លើសពីនេះទៀត នាង Siti ក៏បានបន្ថែមថា នាងបានផ្តល់កំណើតកូនស្រីម្នាក់ ត្រឹមរយៈពេល១ម៉ោង បន្ទាប់ពីធ្វើឲ្យមានផ្ទៃពោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ីជាច្រើន បានឲ្យដឹងថា នារីអាយុ ២៥ ឆ្នាំរូបនេះ ដែលរស់នៅ Cianjur រដ្ឋ West Java មានកូនដំបូង គឺនៅពេលនាងមានអារម្មណ៍ថា ខ្យល់បក់ចូលរាងកាយរបស់នាង។ ហើយប៉ុន្មាននាទីក្រោយមក នាងក៏បានទៅសម្រាល។
នាង Siti បាននិយាយថា “បន្ទាប់ពីការអធិដ្ឋាន Zuhr ខ្ញុំកំពុងបានដេកផ្កាប់មុខលើពោះរបស់ខ្ញុំ បន្ទាប់មកខ្ញុំមានអារម្មណ៍ថា ខ្យល់បក់ចូលតាមទ្វារមាសរបស់ខ្ញុំ”។ មួយសន្ទុះក្រោយមក ពោះខ្ញុំឡើងប៉ោង ហើយបន្ទាប់មក វាក៏វិលមករកភាពធម្មតាវិញ។ តែបន្ទាប់មកទៀត វារីកធំម្តងទៀត។
នាងបន្តថា ពោះរបស់នាងចាប់ផ្តើមរីកលូតលាស់ប្រហែល ១៥ នាទី បន្ទាប់ពីមានខ្យល់បក់ចូល ហើយនៅពេលនាងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់នៅក្នុងពោះ នាងបានដឹងថាមានអ្វីមួយមិនត្រឹមត្រូវ ដូច្នេះនាងបានសុំឲ្យសាច់ញាតិ នាំនាងទៅមណ្ឌលសុខភាពសហគមន៍ Cidaun ។ គ្រូពេទ្យនៅទីនោះបានប្រាប់នាងថានាងមានកូននៅក្នុងផ្ទៃរបស់នាង ហើយករណីដ៏ចម្លែកនេះក៏ត្រូវបានត្រៀមរួចជាស្រេច ដើម្បីចេញមក…។
Siti Zainah បាននិយាយថា “ខ្ញុំរន្ធត់ណាស់! ខ្ញុំតក់ស្លុតណាស់! ដែលពោះរបស់ខ្ញុំអាចមានផ្ទៃពោះភ្លាមៗ ហើយខ្ញុំកំពុងសំរាលកូន”។
ការពន្យល់របស់ Siti បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល និងពាក្យនៃការមានផ្ទៃពោះ “អព្ភូតហេតុ” របស់នាង បានរាលដាលដូចជាភ្លើងឆេះព្រៃ ដូច្នេះនៅពេលនាងត្រលប់មកផ្ទះវិញ មនុស្សម្នាជាច្រើនកំពុងរង់ចាំមើលនាង និងកូនស្រីរបស់នាង។
ប៉ូលីសក៏បានទៅសួរសុខទុក្ខស្ត្រីនោះ និងសួរនាំអំពីការមានផ្ទៃពោះ បន្ទាប់ពីការពន្យល់ថាមកពីដោយសារខ្យល់ ក៏បានធ្វើឱ្យរឿងដ៏ចម្លែកនេះផ្ទុះកក្រើកនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកស្រី Eman Sulaeman ប្រធានមណ្ឌលសុខភាព Cidaun បាននិយាយថា ការពន្យល់របស់ Siti អំពីការមានផ្ទៃពោះរបស់គាត់ គឺមិនអាចទៅរួចនោះទេ។ ទោះយ៉ាងណា លោកស្រីក៏មិនបានចោទប្រកាន់នារីវ័យក្មេងនោះពីការកុហកទេ។ ផ្ទុយទៅវិញ គាត់បាននិយាយថា នេះទំនងជាករណីនៃការមានផ្ទៃពោះដែលស្រពិចស្រពិល ខណៈម្តាយបង្កើតរបស់នាងក៏មិនបានដឹងថា នាងមានផ្ទៃពោះ ហើយក៏ទើបតែដឹងគឺនៅពេលកូនស្រីសំរាលកូនប៉ុណ្ណោះ។
លោកស្រី Sulaeman បានបន្ថែមទៀតថាការមានផ្ទៃពោះដ៏អាថ៌កំបាំងនេះ អាចបណ្តាលមកពីទ្រង់ទ្រាយនៃសរីរាង្គជាក់លាក់ ឬ ប្រវត្តិនៃការប្រើប្រាស់ពន្យារកំណើត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង