ថ្មីៗនេះ នៅលើបណ្តាញសង្គមថៃ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញស្ត្រីជាប្រពន្ធដើម បានចូលទៅអុកឡុកពិធីមង្គលការប្តីយ៉ាងសាហាវ ដោយបានចង្អុលមុខ រុញក្បាល និងទះក្បាលប្តី១ដៃយ៉ាងចាស់ដៃ ទាំងក្នុងពិធីសូត្រមន្តថ្ងៃចូលរោង ឡើងផ្អើលព្រះសង្ឃ។
តាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Punpun Mookaew ដែលត្រូវជាប្រពន្ធដើម បានបង្ហាញពីសកម្មភាពរូបនាងបានដើរចូលក្នុងពិធីមង្គលការប្តី ជាមួយក្នុងដៃរបស់នាងនូវលិខិតចុះឈ្មោះអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ លើកបង្ហាញទៅដល់មហាជននៅក្នុងបណ្តាញសង្គមបានឃើញ។
ទាក់ទងរឿងរ៉ាវនេះផងដែរ ប៉ូលីសថៃនៅក្នុងខេត្ត Chai-nat បានបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតករណីមន្ត្រីម្នាក់ ដែលបានរៀបការប្រពន្ធទី២ ខណៈដែលមិនទាន់លែងលះគ្នាដាច់ស្រេចជាមួយប្រពន្ធទី១។
មេប៉ូលីស Chai-nat លោក Patikorn Harnhattakit បាននិយាយថា អនុប្រធានរបស់គាត់បានស្នើសុំឲ្យមានការបំពេញកាតព្វកិច្ចនេះជាបណ្តោះអាសន្ន ខណៈដែលគណៈកម្មាធិការមួយកំពុងស៊ើបអង្កេតលើបញ្ហានេះ។
លោក Patikorn និយាយថា គាត់នឹងពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រូបនោះ និងប្រពន្ធរបស់គាត់ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង