ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិនេះពិតជាបាន រួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រ កុលធីតា ខ្មែរឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវ បដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិយើង។
សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែ ខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អ ជីវភាពនិងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ក្នុងនោះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖