Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នាយក​សារព័ត៌មាន Angkor Today ចេញផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​ថា កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​របស់​ចិន​

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នាយក​សារព័ត៌មាន Angkor Today ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​ថា កម្ពុជា​លក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​របស់​ចិន ក្នុងតម្លៃ​១២០​ដុល្លារ នៅ​ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

បើ​យោងតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា នាយក​សារព័ត៌មាន Angkor Today ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ SHEN KAIDONG ជា​ជន​ជាតិចិន មាន​ទីស្នាក់ការ​នៅ​ខេត្តសៀមរាប​។ សារព័ត៌មាន Angkor Today នេះ​មានឈ្មោះ​ពីមុន​ជា Angkor Times ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ម្ចាស់​តែ​ម្នាក់​។ បន្ទាប់ពី​ចាប់ខ្លួន​ជនជាតិ​ចិន​រូបនេះ សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ការចាប់ខ្លួន​ជន​ជាតិចិន​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​សារព័ត៌មាន​នេះ បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ Wechat ថា កម្ពុជា​លក់​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន ហើយ​ភ្លាមៗ​ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏បាន​ប្រកាស​ច្រានចោល​ទាំងស្រុង​ផងដែរ​ចំពោះ​ការចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​មួយ​នេះ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់ Angkor Today ជា​រឿង​ផ្តេសផ្តាស​។ ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន​នៅ​កម្ពុជា គឺ​បាននិងកំពុង​ចាក់ទៅលើ​ក្រុមមនុស្ស​អាទិភាព ដែល​ក្រសួងសុខាភិបាល​ប្រកាស​ប៉ុណ្ណោះ ហើយ​បាន​ថ្កោលទោស​ចំពោះ​ជន​មួយចំនួន​ដែល​បំពុលសង្គម តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​កម្ពុជា​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បានប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Angkor Times ឬ Angkor Today ដែល​ផ្សព្វផ្សាយ​ថា កម្ពុជា​លក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន​។​

​ការប្រកាស​ច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់ពី សារព័ត៌​មានឈ្មោះ Angkor Times បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ Wechat ដោយ​ប្រើប្រាស់​ចំណងជើង​ថា កម្ពុជា​បាន​យក​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​មក​លក់​ក្នុងតម្លៃ​ថ្លៃ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់ Angkor Times ជា​រឿង​ផ្តេសផ្តាស់​។ លោកស្រី​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន នៅ​កម្ពុជា គឺ​បាន និង​កំពុង​ចាក់ទៅលើ​ក្រុមមនុស្ស​អាទិភាព ដែល​ក្រសួងសុខាភិបាល​ប្រកាស​ប៉ុណ្ណោះ ហើយ បាន​ថ្កោលទោស​ចំពោះ​ជន​មួយចំនួន​ដែល​បំពុលសង្គម តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​កម្ពុជា​។​

​លោកស្រី ឱ វណ្ណឌី​ន ថ្លែងថា​៖ យើង​មិនមាន​ឱ្យ​អ្នក​ដែល​ទៅ​ចាក់​បង់ប្រាក់​នោះទេ ហើយ​បច្ចុប្បន្ននេះ​យើង​អត់​មាន​វ៉ាក់សាំង​ណា​ដែល​ចាក់ឱ្យ​ក្នុងតម្លៃ​ហ្នឹង (១២០​ដុល្លារ​)​ដែរ ពីព្រោះ​វ៉ាក់សាំង​យើង​មាន​កម្រិត ហើយ​យើង​សុទ្ធតែ​កំណត់​មុខសញ្ញា​សម្រាប់​ក្រុមមនុស្ស​ដែល​ត្រូវ​មកចាក់ ហើយ​យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ចាក់​ត្រឹមត្រូវ​។​

​លោកស្រី បាន​សុំ​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ ដោយសារ ចំនួន​វ៉ាក់សាំង​ជំហាន​ដំបូង​នេះ​មាន​កម្រិត មិនអាច​ចាក់ឱ្យ​គ្រប់គ្នា​បាន​។​

​ជំនួយ​វ៉ាក់សាំង ចិន ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម ១​លាន​ដូ​ស ដែល​ផ្តល់ជូន​តាម​សំណើ​ក្រសួងការពារជាតិ​កម្ពុ​ជា ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។ ចំណែក​៤០​ម៉ឺន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​។​

​គិត​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​មរ​បស់​ចិន ជូន​ជន​ស៊ីវិល​បាន​ចំនួន ៧៧៧០​នាក់​ហើយ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ២,៥៨៣​នាក់​។ ចំណែក ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​នេះ ជូន​កងកម្លាំង​កើន​ដល់​ចំនួន​សរុប ៣៦,៧៣៥​នាក់ ក្នុងនោះ​មាន​នារី ៣,១៨៣​នាក់​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×