Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​និង​ការលើកទឹកចិត្ត​ធុរកិច្ច​ថ្មី​ឌីជីថល​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង​និង​ការលើកទឹកចិត្ត​ធុរកិច្ច​ថ្មី​ឌីជីថល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​និង​អង្គភាព​ពាក់ព័ន្ធ​។

​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​អំពី​យន្តការ វិធាន និង​នីតិវិធី​នៃ​ការទទួលស្គាល់ ការលើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល ដើម្បី​ជំរុញ​សហគ្រិនភាព​និង​នវានុវត្តន៍​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន សំដៅ​ជំរុញឱ្យមាន​ការបង្កើត​ធុរកិច្ច​ថ្មី​ឌីជីថល រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​។

​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​បានកំណត់​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុងការ​គ្រប់គ្រង សម្របសម្រួល និង​ជំរុញ​ធុរកិច្ច​ថ្មី​ឌីជីថល​និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។ ចំណែក​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក៏​អាច​ចូលរួម​ធ្វើការ​លើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល​បានដែរ​។ សេចក្តីព្រាង​នេះ​ក៏​នឹង​លើកទឹកចិត្ត​ឱ្យ​បុគ្គល​ដែលមាន​បំណង​ស្នើសុំ​ការទទួលស្គាល់​ធុរកិច្ច​ថ្មី​ឌីជីថល​ដាក់ពាក្យ​ស្នើ​មក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដោយ​មិនមាន​ការបង់​កម្រៃ​សេវា​ណាមួយ​ទេ ហើយក៏​នឹង​អាច​ទទួលបាន​ការលើក​ទឹកចិត្ត ការបណ្តុះបណ្តាល និង​ការគាំទ្រ​បច្ចេកទេស​ពី​ក្រសួង​ផងដែរ​។

​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​នឹង​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​ថ្មី​ឌីជីថល​ដែលមាន​សក្តានុពល​អាជីវកម្ម បន្តទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​និង​បំពេញ​កាតព្វកិច្ច​នានា​ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដើម្បី​បន្ត​ដំណើរការ​និង​ពង្រីក​អាជីវកម្ម​តទៅទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ក្តីសង្ឃឹម​ថា តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ធុរកិច្ច​ថ្មី​ឌីជីថល​ដែល​ត្រូវបង្កើត នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សហគ្រិនភាព និង​នវានុវត្តន៍​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដោយ​ជោគជ័យ​នៅ​កម្ពុជា​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×