Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​និង​ក្រុមការងារ​ពាក់ព័ន្ធ នឹង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីបញ្ជាការ​ស្រាល​មួយ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឱ្យ​ការព្យាបាល​ដំណើរការ​ទៅដោយ​រលូន មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ល្អ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​តំណាង​ស្ថានទូត​ចិន និង​ក្រុមការងារ​ពាក់ព័ន្ធ​នឹង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីបញ្ជាការ​ស្រាល​មួយកន្លែង នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី ដើម្បី​ឲ្យ​កន្លែង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​នេះ មាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​ល្អ ។​

​មន្ត្រី​ជំនាញ​ឱ្យដឹងថា​៖​នៅពេលនេះ​ជនបរទេស មន្ត្រី​ស្ថានទូត​ចិន ជនជាតិ​ចិន មន្ត្រី​ស្ថានទូត​ជប៉ុន និង​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៤២​នាក់ បាននិងកំពុង​សម្រាក​ព្យាបាល​ជំងឺ​covid-19 នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី ក្រោយពី​អ្នក​ទាំងនេះ​ត្រូវបាន​រកឃើញថា មាន​ភាព​វិជ្ជមាន​ជំងឺ covid-19 ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ ។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ក្នុងការ​ទប់ស្កាត់​ការបង្ការ​នូវ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​បាន​រកឃើញថា មាន​វិជ្ជា​មាន​កូ​វីដ​-១៩​ហើយ​នោះ យើង​បាន​យក​ពួកគាត់​ទៅ​ដាក់​តាម​មន្ទីរពេទ្យ​នានា ដែល​យើង​បានរៀបចំ​ទុក និង​បាន​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ដោយ​មិន​គិតថា អ្នកជំងឺ​ទាំងនោះ ជា​ជនជាតិ​បរទេស​ជនជាតិខ្មែរ​នោះទេ ហើយ​ការព្យាបាល​ក៏​មិនត្រូវ​អោយមាន​ការបង់​ប្រាក់​នោះដែរ ។

​លោក​ឃួ​ង ស្រេង ក៏បាន​សូម​ឲ្យ​អ្នកជំងឺ​ទាំងអស់ សហការ​ជាមួយ​គ្រូពេទ្យ និង​ក្រុមការងារ​ដោយ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឲ្យ​បានល្អ គោរព​ទៅតាម​បទបញ្ជា​ការណែនាំ​របស់​គ្រូពេទ្យ​។ បន្ថែម​ពីនេះ​លោក​ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ផងដែរ ចំពោះ​ស្ថានទូត​ចិន ដែល​បាន​សហការ​បាន​យ៉ាង​ល្អ​ជុំវិញ​ការស្រាវជ្រាវ ការផ្ដល់​ព័ត៌មាន​ជុំវិញ​ជនជាតិ​ចិន ដែល​សង្ស័យថា​មាន​ផ្ទុក​កូ​វីដ​-១៩ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​ងី ម៉េង ប្រធាន​មន្ទីរ​ពេទ្យរុស្ស៊ី​បាន​ឲ្យ​ដឹងថា​៖ នាពេល​បច្ចុប្បន្ននេះ មន្ទីរពេទ្យ​រុស្ស៊ី បាននិងកំពុង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៤២​នាក់ ដែលមាន​ទាំង ជនជាតិ​ចិន ជប៉ុន និង​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ។ ពួកគេ​ទាំងនេះ ទទួលបាន​ព្យាបាល​ដោយ​ការយកចិត្តទុកដាក់ ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​ចំណែក​តំណាង​ស្ថានទូត​ចិន​វិញ ក្នុងឱកាស​នោះ​ក៏បាន​អរគុណ​ផងដែរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជនជាតិ​ចិន មាន​កូ​វីដ​-១៩ ស្នាក់នៅ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×