Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​អាស៊ាន​

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​រវាង ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លោកជំទាវ ម៉ា​រៀ អា​មេ​លី​តា ស៊ី អាគី​ណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​នូវ​អ្វី​ដែលជា​ក្របខណ្ឌ​របស់​ប្រទេស​ទាំងពីរ ដែល​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ដ៏​ល្អ​កន្លងមក ជាពិសេស​ក្នុងពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​ប្រធានាធិបតី​ហ្វីលីពីន​មកកាន់​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ ដែល​កម្ពុជា និង​ហ្វីលីពីន​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ការងារ​។​

ប្រទេស​ទាំងពីរ​មាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើការ​ជាមួយគ្នា ហើយក៏​មាន​សេចក្តីថ្លែងការណ៍​រួមមួយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​ផ្តោតទៅលើ​ការជួយ​គាំទ្រ និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការជួយ​ដោះស្រាយ និង​ផ្តល់​កិច្ច​គាំពារ​ទៅលើ​បញ្ហា​ពលរដ្ឋ ក៏ដូចជា ពលករ​ទេសន្តរប្រវេសន៍​ការងារ ដោយសារតែ​ហ្វីលីពីន មាន​ស្ថានទូត​ជាច្រើន​ទូទាំង​ពិភពលោក និង​ការិយាល័យ​អនុព័ន្ធ​ការងារ​ក៏ដូចជា​ការិយាល័យ​ខាង​ផ្នែក​ផ្តល់​កិច្ច​គាំពារ​ទៅដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅ​ស្ទើរ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​។

​តាមរយៈ​កិច្ចព្រមព្រៀង ឬក៏​សេចក្តីថ្លែងការណ៍​រួម​នេះ យើង​បាន​ឯកភាពគ្នា ជួយ​គ្នា​នៅពេលដែល​ពលរដ្ឋ​រប​ស់​ហ្វីលីពីន ឬ​ពលរដ្ឋ​កម្ពុជា ដែលមាន​បញ្ហា​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ពុំមាន​ស្ថានទូត និង​មិនមាន​អនុព័ន្ធ​ការងារ​សម្រាប់​ជួយផ្តល់​នូវ​ការ​គាំពារ​ទៅដល់​ពួកគាត់​ណាមួយ ពលរដ្ឋ​កម្ពុជា​យើង​អាច​ស្វែងរក​នូវ​ជំនួយ​ពី​ស្ថានទូត​ហ្វីលីពីន​នៅ​ប្រទេស​នោះ ដែល​កន្លងមក​យើង​បានធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ល្អ​លើ​កិច្ចសហប្រតិបត្តិការ​នេះ​។​

​លោកជំទាវ​អគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​ការការពារ និង​គាំពារ​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លី​ពី​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា​ប្រមាណ​ជិត ៥០០០​នាក់ ដែល​ពួកគេ​ទទួលបាន​នូវ​ការការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដូច​កម្មករនិយោជិត​ក​ម្ពុ​ជា​ដែរ ជាពិសេស​បានទទួល​អ​ត្ថ​ប្រយោជន៍​ពី​សមាជិកភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​។

​កន្លងទៅ​ថ្មីៗ​នេះ ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​៨០០​នាក់ ក៏​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព ក្នុងស្ថានភាព​នៃ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​។​

ប្រទេស​ទាំងពីរ​ក៏មាន​កិច្ចសហប្រតិបត្តិការ​មួយទៀត​ទៅលើ​វិស័យ​សន្តិសុខ​សង្គម តាមរយៈ​អនុស្សារណៈ​យោគយល់​គ្នា​មួយ រវាង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​អង្គការ​ធានារ៉ាប់រង​សុខភាព​របស់​ហ្វីលីពីន (Philhealth) ដែលជា​ក្របខណ្ឌ​កិច្ចប្រតិបត្តិការ​ក្នុងការ​សហការគ្នា​ចែករំលែក​នូវ​បទពិសោធន៍ ជាពិសេស​ទៅលើ​ផ្នែក​បច្ចេកទេស​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ថវិកា ហិរញ្ញវត្ថុ​ក្នុង​ផ្តល់នូវ​កិច្ច​គាំពារ​ដល់ក​ម្មករ​និយោជិត​។​

​ភាគី​ទាំងពីរ​នឹង​បន្ត​ពិនិត្យ​លើ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ថែមទៀត ចំពោះ​កិច្ច​សហ​ប្រតិការ​ដែលមាន​ស្រាប់ ហើយ​ដែល​អនុស្សរណៈ​យោគយល់​គ្នា​ផុត​សុពលភាព និង​រៀបចំ​បន្ត​សុពលភាព​។ ដោយ​មើលឃើញ​នូវ​សារសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ភាគី​ទាំងពីរ​កំពុង​ខិតខំ​បញ្ចប់​នូវ​សេចក្តីព្រាង​អនុស្សរណ នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ (TVET) អោយបាន​ឆាប់ បើទោះជា​បញ្ហា​កូ​វីដ ១៩ គំរាមកំហែង​ក៏ដោយ ក៏​ភាគី​ទាំងពីរ នឹង​ជំរុញ​ការងារ​នេះ អោយ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ជាមួយគ្នា​បន្តទៀត​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បីឱ្យ​ការចុះ​អនុស្សារណៈ​នេះ​បាន​ឆាប់ ពីព្រោះ​ការងារ​នេះ​គឺមាន​សារៈសំខាន់​ផងដែរ ក្នុងការ​ផ្តល់នូវ​ចំណេះ​ជំនាញ ការចែករំលែក​នូវ​បទពិសោធន៍ ការអនុវត្ត​ល្អៗ ពាក់ព័ន្ធ​ជាមួយនឹង​ការ​គាំពារ ការផ្តល់​នូវ​ជំនាញ​វិជ្ជាជីវៈ ជាពិសេស​ពលករ​ទេស​ន្ត​ប្រវេសន៍ ដែល​ពួកគាត់​ត្រូវ​សមា​រណកម្ម​ចូលមកក្នុង​ប្រទេស​វិញ ត្រូវ​ចាប់យក​ជំនាញ​ថ្មី ឆ្លើយតប​ទៅនឹង​ឱកាស​ការងារ​ក្នុងស្រុក​។

​ដោយសារតែ​ហ្វីលីពីន ជា​ប្រទេសមួយ​ដែលមាន​បទពិសោធន៍​ខ្ពស់ ហើយ​មាន​ពលរដ្ឋ​ហ្វីលីពីន​ធ្វើការ​នៅក្រៅ​ប្រទេស​ជាច្រើន​ដែល​អាច​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ជាច្រើន​ក្នុងការ​ផ្តល់នូវ​ការ​គាំពារ​ទៅដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​។

​ភាគី​ទាំងពីរ​ពិតជា​បាន​សម្តែង​ការពេញចិត្ត​នឹង​អ្វី​ដែលជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ប្តេជ្ញា​ថា​ក្នុង​អា​ណិ​ត្ត​ការទូត​របស់លោក​ជំទាវ នឹង​ខិតខំ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ព្រមទាំង​បង្កើត​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ហ្វីលីពីន ដែល​បាន​ជួយ​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ល្អៗ​ដល់​កម្ពុជា ក្នុង​រួមចំណែក​ជួយ​ដល់ ការ​គាំពារ​កាន់តែ​ប្រសើរ​ឡើងដល់​ពលរដ្ឋ​កម្ពុជា​ទាំង​នៅក្នុង និង​ក្រៅប្រទេស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

×