កណ្តាល ៖ លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ដែលជំនាញរត់ការដោះលែងអ្នកជាប់ឃុំនោះ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ដោយយោងតាមពាក្យបណ្តឹងរបស់អ្នកពឹងពាក់ឲ្យជួយរត់ការ ។
បន្ទាប់ពីចាប់ខ្លួនបញ្ជូនឡើងតុលាការ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ លោក តុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារឲ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ ប៉ុន្តែករណីចុងក្រោយនេះ ដោយសារយកលុយពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និង រាប់ម៉ឺនដុល្លារ ដោយយកលេសថា យកលុយនេះ ទៅឲ្យតុលាការ ដើម្បីសុំដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំ តែទីបំផុតលុយទាំងអស់នោះ លោក តុង ដារ៉ា បានយកទៅចាយអស់ ហើយជនជាប់ឃុំ នៅតែជាប់ឃុំក្នុងពន្ធនាគារដដែល ទើបធ្វើឲ្យអ្នកពឹងពាក់ខឹង ក៏ដាក់ពាក្យបណ្តឹងឲ្យតុលាការចាត់ការតាមផ្លូវច្បាប់តែម្តង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ