ភ្នំពេញ ៖ គិតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តការណ័សហគមន៍២០កុម្ភៈ មានចំនួន៧៥ទីតាំងហើយ នៅរាជធានីភ្នំពេញ។ ជុំវិញការងារនេះ លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំងអស់នេះឲ្យបានតឹងរ៉ឺងនិងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើង ។
ការប្រកាសបែបនេះរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងនៅសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ខណៈអាជ្ញាធរបានចុះបិទទីតាំងដែលមានផ្ទុះជំងឺកូវីដ-១៩ កើនឡើងដល់៧៥ទីតាំងហើយ ក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ ក្រុមកម្លាំងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតាំងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-១៩ កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថានភាពអ្នកជំងឺ បានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបណ្តឹង ត្រូវតែទប់ស្កាត់ រកឃើញទីតាំងណាត្រូវតែបិទទីតាំងនោះជាបណ្តោះអាសន្នឱ្យបានម៉ឹងម៉ាត់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលជាសេនាធិការ ប៉ុន្តែកន្លែងខ្លះក៏មានការប្រទាំងប្រទិសជាមួយម្ចាស់អាជីវកម្ម និងអ្នកជំងឺ មិនបានយោគយល់ចំពោះការទប់ស្កាត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួច ហើយគឺ ជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រលប់មកវិញ ជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ទីតាំងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាបណ្ណ ដែលយើងមានដាវ ក្នុងដៃសម្រាប់ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា មកដល់ពេលនេះ មានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញ បានកំពុងតែសហការជាមួយនឹងក្រសួងសុខាភិបាល ដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្ន ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍២០កុម្ភៈនេះ ខណៈគិតត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈមានអាជីវកម្មចំនួ៧៥ហើយ ត្រូវបានបិទជាបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ ចំពោះកម្លាំងមានសមត្ថកិច្ចដែលឈរជើងការពារទាំង៧៥ទីតាំង លោកអភិបាលរាជធានីភ្នំពេញ ក៏បានប្រកាសពីការជួយឧបត្ថមផងដែរ ដើម្បីលើកទឹកចិត្តឱ្យកងកម្លាំងយើងទាំងអស់ មានស្មារតីនិងកម្លាំងដើម្បីបំពេញការងារនេះទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ