បន្ទាយមានជ័យ ៖ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមានចាប់ខ្លួនដាក់គុកចំពោះម្ចាស់និងអ្នកបើករថយន្តដឹកសំពីងសំពោង និងម្ចាស់សិប្បកម្មកែច្នៃរថយន្តខុសបច្ចេកទេស។
លោកស្នងការគឺឧត្តមសេនីយ៍ទោ អាត់ ខែម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំប្របូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ ប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្ត របស់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០១៨។
លោកបានបញ្ជាអោយនគរបាលចរាចរណ៍ផ្លូវគោកក្រោមបង្គាប់ត្រូវចាត់វិធានការចំពោះម្ចាស់និងអ្នកបើកបររថយន្តដឹក ឬផ្ទុកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរណ៍លើផ្លូវសាធារណៈព្រោះលោកឃើញថា ជាផ្នែកមួយបង្កគ្រោះថ្នាក់ចរាចរណ៍។
ហើយពីពេលនេះតទៅ នគរបាលលែងអនុគ្រោះដល់ជនទាំងនោះទៀតហើយ ព្រោះតាមអង្កេតគឺកន្លងមកជនទាំងនោះប៉ូលីសឃាត់មកអប់រំណែនាំ ហើយធ្វើកិច្ចសន្យារាប់ភ្លរច ហើយមុខអ្នកល្មើសគឺដដែលៗ។ប៉ុន្តែពួកគេមិនរាងចាលឡើយ ហើយប្រមាថនូវច្បាប់និងប្រតិបត្តិការរបស់ប៉ូលីសដោយចំពោះមុខតែម្តង។ វិធានការដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពគឺមានតែបញ្ជូនពួកគេទៅតុលាការតែម្តង។
លោកឧត្តមសេនីយ៍ អាត់ ខែម ក៏ថ្លែងព្រមានដែរថា ចំពោះម្ចាស់សិប្បកម្មកែច្នៃរថយន្តនោះវិញ ក៏ត្រូវប្រឈមមុខនឹងផ្លូវតុលាការដែរ រកឃើញថាបានធ្វើផ្គើន មិនរាងចាល ក្បត់កិច្ចសន្យា ហើយឥឡូវនេះហៅមកធ្វើកិច្ចសន្យាចុងក្រោយ។
សូមបញ្ជាក់ថា បើយោងលោកវរសេនីយ៍ សន គឹមសួគ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថា ៖ បញ្ហារថយន្តដឹកសំពីសំពោង និងរថយន្តកែច្នៃខុសបច្ចេកទេស បើសិនជាមិនមានវិធានការឱ្យបានម៉ឺងម៉ាត់នោះទេ បានៅតែកើតមានជាដដែល។ ហើយបាក៏ជាផ្នែកមួយនៃអត្តាគ្រោះថ្នាក់ចរាចរណ៍កើនឡើងផងដែរ។
សូមបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ កើតឡើងចំនួន១១ករណីបណ្តាលឱ្យស្លាប់មនុស្សចំនួន១៤នាក់និងទទួលរងរបួសធ្ងន់ស្រាល១១នាក់។
បើប្រៀបធៀបខែកុម្ភៈនិងខែមករា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១១ករណីស្មើគ្នា ប៉ុន្តែអត្រាអ្នករងគ្រោះស្លាប់កើនឡើង៥នាក់ របួសធ្ងនើកើន៥នាក់ របួសស្រាលថយ៦នាក់៕ ដោយ ៖ បន្ទាយ