ស្វាយរៀង ៖ លោស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានធ្វើការអំពាវនាវឱ្យបងប្អូនទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្ស ប្រឆាំង ឬពួកអគតិមួយចំនួនដែលចូលចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះឱ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវដល់អ្នកជំនាន់ក្រោយៗទៀត។
លោកស្រីធ្វើការអំពាវនាវបែបនេះក្នុងឱកាសដែលអញ្ជើញសំណេះសំណាលក្នុងពិធីសម្ភោធព្រះវិហារ និងសមិទ្ធផល នានាក្នុងវត្តដងទង់ ស្ថិតនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលចំណាយការសាងសង់សរុបសមទ្ធិផលទាំងអស់ជាង១លានដុល្លា។
លោកស្រីម៉ែនសំអនថ្លែងនៅក្នុងឱកាសនោះបានពាំនាំផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់ថាក្នុងចំណោមសមិទ្ធិផលជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាល រួមជាមួយព្រះតេជគុណ លោក លោកស្រី សម្បុរសជនជិតឆ្ងាយ បានខិតខំពុះពារក្នុងការកសាងឱ្យកើតជាសមិទ្ធិផលដូចដែលមាននៅក្នុងវត្តដងទង់នាពេលនេះ។ ទន្ទឹមនឹងសមិទ្ធិផលដែលយើងទទួលបាននាពេលនេះ លោកស្រីសូមឱ្យអាជ្ញាធរ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តស្វាយរៀង បន្ដបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ត្រូវចុះឱ្យដល់មូលដ្ឋានជាក់ស្ដែងក្ដាប់ឱ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ហើយដោះស្រាយជូនគាត់ឱ្យបានទាន់ពេលដើម្បីរួមចំណែកកាត់បន្ថយកភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។
លោកស្រីបានបន្តទៀតថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តខិតខំថែមទៀតក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គមរបៀបរៀបរយសាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំមានសុវត្ថិភាព បន្ដជម្រុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយឱ្យបានល្អនូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណាឱ្យសមិទ្ធិផលនានាដែលយើងបានកសាងទាំងអស់នេះបានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកស្រីម៉ែនសំអនបានថ្លែងអំណរគុណចំពោះ អ៊ំ ពូ មីង បងប្អូន ក្មួយៗទាំងអស់ដែលបានជឿទុកចិត្ត និងដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មីបន្តទៀត តាមរយៈការគៀងគរសមាជិកនៅក្នុងគ្រួសារ និងបងប្អូនឱ្យបោះឆ្នោតជូនគណបក្សប្រជាជន សម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខ ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរកុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។ បច្ច័យបានមកពិធីនេះសរុបបានជាង២០លានរៀលប្រគេនដល់វត្តដងទង់ដើម្បីដោះស្រាយការខ្វះខាតនិងកសាងសមិទ្ធផលជាបន្តបន្ទាប់ទៀត៕ វ៉ៃកូ