ខេត្តព្រះសីហនុ ៖ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ រួមជាមួយក្រុមការងារ កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ និងបានប្រគល់ផ្លូវលំមួយខ្សែរប្រវែងជាង ៤០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋឃុំជើងគោ ស្រុកព្រៃនប់ ប្រើប្រាស់អោយបានប្រសើរឡើង។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរជាមួយក្រុមការងារ មាន មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ ស្រុកព្រៃនប់ ឃុំជើងគោផងនោះ។ ឯកឧត្តម បានដឹកនាំមន្ត្រីក្រុមការងារអញ្ជើញចុះប្រកាសប្រគល់ផ្ទះ អណ្ដូងទឹក និងបង្គន់អនាម័យ ដែលទើបសាងសង់រួច ប្រគល់ជូនគ្រួសារពិការខ្វិនជើងដើរពុំរួច ឈ្មោះ ង៉ែត ណៃ មានប្រពន្ធ ឈ្មោះ សយ ធឿន មានកូនចំនួន ៣នាក់ រស់
នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានជួប សាកសួរសុខទុក្ខ ចំពោះគ្រួសារ ប្រជាពលរដ្ឋមួយគ្រួសារនេះ ក្នុងភាពស្និទស្នាល និងបានផ្ដាំផ្ញើអោយអាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ ជួយផ្ដល់ការមើលថែទាំចំពោះសុខទុក្ខប្រចាំថ្ងៃដល់គ្រួសារក្រីខាងលើនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានជំរុញឲ្យមន្ត្រីគ្រប់ផ្នែក និងគ្រប់មូលដ្ឋាន ត្រូវចុះត្រួតពិនិត្យ តាមដានជាប្រចាំ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ទាំងអ្នករងគ្រោះដោយធម្មជាតិ ក៏ដូចជាអ្នកខ្វះខាតខាងផ្នែកជីវភាពប្រចាំថ្ងៃ អោយបានជាប្រចាំ។
ក្នុងនោះ លោកថា បើរកឃើញមានពលរដ្ឋក្រីក្រខ្វះទីពឹង ខ្វះខាតស្បៀង ត្រូវផ្តល់ព័ត៌មានជូន សាខាកាកបាទក្រហមខេត្តព្រះសីហនុក៏ដូចជាអាជ្ញាធរខេត្តអោយបានទាន់ពេល ដើម្បីបញ្ជូនមន្ត្រីចុះជួយសង្គ្រោះ អោយបានទាន់ពេលវេលា។
ស្បៀង និងសម្ភារៈមួយចំនួន ដែលឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ បានប្រគល់ជូនគ្រួសារក្រីក្រ ក្នុងពេលនេះរួមមាន៖ ផ្ទះមួយខ្នង មានបណ្ដោយ ៨ម៉ែត្រ ទទឹង ៤ម៉ែត្រកន្លះ ក្រាលការ៉ូ ប្រកស័ង្កសី អណ្ដូងទឹក១ បង្គន់អនាម័យ១ ដោយចំណាយថវិកាសរុបជាង ៣០០០ដុល្លារសហរដ្ខអាមេរិក រួមជាមួយសម្ភារប្រើប្រាស់ផ្សេងទៀត រួមមាន៖ គ្រែ ១ រទេះរុញ១ នុងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។
មន្ត្រីសាលាខេត្តព្រះសីហនុ បានអោយដឹងថា នាឱកាសចុះសួរសុខទុក្ខពលរដ្ឋក្រីក្រនេះដែរ ឯកឧត្តម យន្ត មីន ក៏បានផ្ដល់ជូនថវិកា របស់ឯកឧត្តមផ្ទាល់ ឧបត្ថម្ភ ដល់ស្ត្រី មានផ្ទៃពោះ និងជនចាស់ជរាមួយចំនួនផង។ មន្ត្រីសាលាខេត្តព្រះសីហនុ បានបន្តថា នៅថ្ងៃដដែលនោះ ឯកឧត្តម យន្តមីន និងក្រុមការងារខេត្ត ក៏បានអញ្ជើញចុះពិនិត្យផ្លូវលំមួយខ្សែរ ដែលទើបស្ថាបនារួច មានប្រវែងជាង ៤០០ម៉ែត្រ ដើម្បីប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋក្នុងឃំុជើងគោប្រើប្រាស់ជាផ្លូវការ ហើយ បានសន្យាថា ផ្ដល់ជូនផ្លូវមួយខ្សែរទៀតជូនប្រជាពលរដ្ឋ នៅក្នុងឃំុជើងគោនេះមានប្រវែង ៩០០ម៉ែត្រ។
មន្ត្រីរដ្ឋបាលខេត្ត បានអោយដឹងថា ក្នុងឃុំជើងគោដដែលនេះ ឯកឧត្តមយន្ត មីន ក៏បានសាងសង់ផ្ទះថ្មីចំនួន ៣ខ្នងបន្ថែមទៀត ទុកសម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំជើងគោនាថ្ងៃខាងមុខ។ នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំអោយមន្ត្រីទទួលខុសត្រូវតាមស្ថាប័ននីមួយៗ ត្រូវយកចិត្តទុកដាក់ជំរុញដំអោយណើរការសាងសង់ និងស្ថាបនាផ្លូវលំថ្មីដែលត្រូវអភិវឌ្ឍថ្មីនាថ្ងៃខាងមុខ ឲ្យបានឆាប់ ប្រកបដោយគុណភាពតាមគោលការណ៍កំណត់។ ចំណែកគ្រួសារ ដែលបានទទួលផ្ទះនិងផ្លូវលំមួយខ្សែ បានបង្ហាញភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ និងក្រុមការងារ ដែលបានផ្ដល់អំណោយមនុស្សធ៌ម ជូនដល់ប្រជាពលរដ្ឋកំពុងជួបការខ្វះខាតទីជម្រក និងផ្តល់ផ្លូវលំ សម្រាប់ធ្វើដំណើរអោយមានភាពងាយស្រួលនាឱកាសនេះ៕ ដែន សីមា