ភ្នំពេញ ៖ តំណាងក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសអូទ្រីស ដែលផលិតអាវុធវែងខ្លីធុនស្រាល និងអាវុធស្នៃព័រធុនធ្ងន់ មានគុណភាពខ្ពស់ បានស្នើសុំការគាំទ្រពីប្រទេសកម្ពុជា ជាពិសេសស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនទីផ្សារបន្ថែមទៀត ។
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសអូទ្រីសចំនួនពីរ គឺ Steyr Mannlicher និងក្រុមហ៊ុន TRUMER Schutzauten ចូលជួបពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោក មីសេល សេដឺរឺ (Micheal Cederer) តំណាងក្រុមហ៊ុន Steyr Mannlicher បានលើកឡើងថា “ក្រុមហ៊ុនរបស់លោកបានធ្វើការផលិតអាវុធជាងមួយរយឆ្នាំមកហើយ ហើយផលិតផលដែលបានផលិតបាន គឺសុទ្ធតែមានគុណភាពល្អ និងរក្សាទុកបានយូរអង្វែង ។ ក្រុមហ៊ុន Steyr Mannlicher បានផលិតនូវអាវុធវែងខ្លីធុនស្រាល និងអាវុធស្នៃព័រធុនធ្ងន់ ហើយអាវុធទាំងនេះ សុទ្ធតែមានគុណភាពខ្ពស់ ដូច្នេះក្រុមហ៊ុនសុំការគាំទ្រពីប្រទេសកម្ពុជា ដើម្បីបង្កើនទីផ្សារបន្ថែមទៀត “។ តំណាងក្រុមហ៊ុនប្រទេសអូទ្រីស ក៏បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅបំពេញទស្សនកិច្ច ដល់ទីកន្លែងក្រុមហ៊ុននាពេលខាងមុខ ដើម្បីបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនទាំងនោះ ពិតជាក្រុមហ៊ុនផលិតអាវុធធុនស្រាល វែងខ្លីដ៏ទំនើប ពិតប្រាកដមែន។
លោកនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការស្នើសុំរបស់ភាគីក្រុមហ៊ុនអូទ្រីសនេះ នឹងរាយការណ៍ទៅថ្នាក់លើ ដើម្បីធ្វើការពិចារណាក្នុងការទិញ ។ប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងមានសុខសន្តិភាពបរិបូរណ៍ ប៉ុន្តែប្រទេសកម្ពុជាក៏ត្រូវតែមានអាវុធសម្រាប់ការពារសន្តិសុខ និងប្រទេសជាតិផងដែរ ។
លោកនាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងប្រាប់តំណាងក្រុមហ៊ុនទាំងពីរនោះទៀតថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព ដូច្នេះរាជរដ្ឋាភិបាលមានសិទ្ធិនាំចេញនាំចូលនូវអាវុធជាតិផ្ទុះគ្រាប់រំសេវគ្រប់ប្រភេទ ហើយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មានសិទ្ធិចេញប័ណ្ណប្រើប្រាស់អាវុធទាំងនោះ ដូច្នេះអ្វីដែលតំណាងក្រុមហ៊ុនទាំងពីរខាងលើមកស្នើសុំឲ្យកម្ពុជាជួយទិញអាវុធរបស់ខ្លួននោះ លោកនឹងរាយកាណ៍ទៅថ្នាក់ដឹកនាំ ដើម្បីចរចារក្នុងការទិញ ។
លោក នាយឧត្តមសេនីយ៍ សួស អង្គារ៍ បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល ការចុះបញ្ជី និងការដកហូតអាវុធ ដែលនៅសេសសល់រាយប៉ាយពីសង្គ្រាម និងអាវុធដែលកាន់កាប់ដោយខុសច្បាប់ពីអ្នកដែលគ្មានសិទ្ធិកាន់កាប់៕ ដោយ៖បញ្ញាស័ក្តិ