ប៉ូលីសនៅក្នុងប្រទេសថៃ កាលពីថ្ងៃច័ន្ទ បានចាប់ខ្លួនជនជាតិបរទេសប្រុសស្រីចំនួន ១០ នាក់ ដែលបានកំពុងដំណើរការ «ថ្នាក់បណ្តុះបណ្តាលផ្លូវភេទ» សម្រាប់ជនជាតិរបស់ពួកគេ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Pattaya និងចោទប្រកាន់ពួកគេធ្វើការងារបែបនេះនៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាត ។
មេប៉ូលីសប៉ាតាយ៉ា លោក Apichai Krobpet និយាយថា ជនបរទេស១ក្រុមមានគ្នាចំនួន ៣៣ នាក់ ដែលចូលមកក្នុងប្រទេសនេះ ពីរុស្ស៊ី បានចំណាយលុយ ២ ម៉ឺនបាត (ប្រហែល ៦៣៥ ដុល្លារ) ក្នុងម្នាក់ សម្រាប់រៀនវគ្គនេះ ដែលពួកគេកំពុងត្រូវបានបង្រៀនអំពីរបៀបបង្កើនគុណភាពសិចនៅក្នុងបន្ទប់គេង ។
ប៉ូលីសបានឆ្មក់ចូលថ្នាក់បណ្តុះបណ្តាលនេះ ដែលត្រូវបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទសណ្ឋាគារមួយ នៅក្នុងទីក្រុងប៉ាតាយ៉ា បន្ទាប់ពីបុគ្គលិកបានលឺស្នូរ «សម្លេងរំខាន» ចេញពីក្នុងបន្ទប់របស់ពួកគេ ។
មន្ត្រីបានឆ្មក់ចូលក្នុងបន្ទប់នោះ និងធ្វើការចាប់ខ្លួនគ្រូបណ្តុះបណ្តាល ១០ នាក់, ស្រី ៣ នាក់ និង ប្រុស ៧ នាក់ ។
ពួកគេត្រូវបានស្គាល់ថាជាពលរដ្ឋរុស្ស៊ី ដែលបាននិងកំពុងធ្វើការនៅក្នុងប្រទេសនេះ ។
មួយចំនួននៃគ្រូបង្រៀនទាំងនោះ ពាក់អាវយឺតដោយមានសរសេរពាក្យថា «Sex Animator» ។
ពួកគេទាំង១០នាក់ នឹងត្រូវប្រឈមមុខបទចោទប្រកាន់ធ្វើការងារបែបនេះដោយគ្មានការអនុញ្ញាត ។
ប៉ូលីសនិយាយថា ម្នាក់ក្នុងចំណោមនោះ ក៏ត្រូវបានចោទប្រកាន់ស្នាក់នៅហួសទិដ្ឋាការកំណត់ និង ៣ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ ។
ទោះយ៉ាងណា អ្នកចូលរួមក្នុងថ្នាក់រៀននេះ ពុំត្រូវបានចោទប្រកាន់នោះទេ និងអនុញ្ញាតឲ្យបន្តស្នាក់នៅដោយសេរីភាព ៕ ចន្ទី