ខេត្តេរតនគិរី ៖ សេចក្តីរាយការណ៍ពីខេត្តរតនគិរីបានបញ្ជាក់ថា មណ្ឌលចត្តាឡីស័ក សណ្ឋាគារមិត្តភាព របស់ក្រុមហ៊ុនទ្រីភាព ស្ថិតនៅច្រកអន្តរជាតិអូយ៉ាដាវ ដែលមាន ១០៤បន្ទប់ អាចទទួលពលករបានជាង៣០០នាក់ កំពុងទទួលធ្វើចត្តាឡីស័កទៅលើពលករវៀតណាម មុនអនុញ្ញាតឲ្យវិលចូលទៅកាន់ការងារវិញទៅតាមក្រុមហ៊ុនក្នុងខេត្តរតនគិរី។
អាជ្ញាធរបានលើកឡើងថាគិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ មណ្ឌលចត្តាឡីស័កនេះបានទទួលពលករបានចំនួន ៤១២នាក់ និងបានបញ្ចូនទៅបំពេញការងារបានចំនួន២៤៨នាក់ តួលេខនេះ ពុំទាន់មានពលករឬប្រជាពលរដ្ឋក្នុងខេត្តរតនគិរីណាមួយបានកើត និងឆ្លងជំងឺកូវីដ-១៩ នៅឡើយនោះទេ។
មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាវៀតណាមបានប្រាប់ថា ចំនួនពលករដែលបំរុងនឹងត្រឡប់មកបំពេញការងារតាមច្រកអន្តរជាតិអូរយ៉ាដាវនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ ដោយសារតែពលករមួយចំនួនបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមកាលពីកំឡុងចូលឆ្នាំចិន-វៀតណាម ខ្លះចេញតាមច្រកអូរយ៉ាដាវ ខ្លះទៀតចេញទៅតាមច្រកត្រពាំងស្រែ និងច្រកផ្សេងៗទៀត ហើយសព្វថ្ងៃកំលាំងនគរបាលកំពុងបំពេញការងារយ៉ាងមមាញឹកហាមឃាត់ឲ្យបាននូវជនបរទេសដែលលួចឆ្លងដែលខុសច្បាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេស៕ រក្សាសិទ្ធិដោយ៖CEN