Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ណាស់ ! សេដ្ឋី​វ័យក្មេង​អតីត​អ្នកប្រមូល​សំរាម ទទួល​ការកោតសរសើរ​ជាខ្លាំង ក្រោយ​ឲ្យ​អ្នកភូមិ​បាន​ស្គាល់ «​រសជាតិ​» យន្តហោះ (​វីដេអូ​)

​លោក Muhammad Azlan Al-Amin ដែល​ធ្លាប់ជា​អ្នកប្រមូល​សំរាម បាន​ក្លាយជា​សេដ្ឋី រស់នៅ​នៅ​ភូមិ​ជនបទ​មួយកន្លែង នៅក្នុង​ស្រុក Besut រដ្ឋ Teregganu ប្រទេស​ម៉ាឡេស៊ី បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ក្រោយ​បានឃើញ​ពី​ទង្វើរ​ដ៏​ល្អ​របស់គាត់ ចំពោះ​អ្នកភូមិ​ជនបទ តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​ស្គាល់ «​រសជាតិ​» ជិះ​យន្តហោះ​។​

​លោក Azlan Al-Amin បានសរសេរថា​៖ «​សុភមង្គល​របស់​ពួកគេ គឺជា​សុភមង្គល​របស់ខ្ញុំ​។ ខ្ញុំ​បាន​ទទួលយក​អ្នកភូមិ​ជិត ៣០០ នាក់ ជិះ​ឧទ្ធម្ភាគចក្រ ក្នុង​រយៈពេល ៦​ថ្ងៃ នៅ​ស្រុកកំណើត Besut ។ សូម​អរគុណ​ចំពោះ​ការផ្តល់​ការណែនាំ​ពី​អាជ្ញាធរ យើង​បាន​យកចិត្តទុកដាក់​លើ SOPs ចាំបាច់ ដូច​ជាការ​ផ្តល់នូវ​បញ្ជី​ឈ្មោះ​របស់​ប្រជាពលរដ្ឋ ដែល​បានមក​ទស្សនា និង​ក៏ដូចជា​បានទទួល​នូវ​បទពិសោធន៍​នៅលើ​អាកាស​របស់​ពួកគេ​ផងដែរ​»​។​

​គាត់​បាន​និយាយថា​ថា​៖ «​សម្រាប់​អ្នកភូមិ​ទាំងអស់​ដែលមាន​ឱកាស​បានមក ខ្ញុំ​បាន​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ជិះ​ឧទ្ធម្ភាគចក្រ​ដោយ​ហ្វ្រី ដោយ​មិនចាំបាច់​បង់ប្រាក់​អ្វី​ឡើយ​។ កុំ​សួរ​ខ្ញុំ​ថា​តើ​វា​មានតម្លៃ​ប៉ុន្មាន​សម្រាប់​រយៈពេល​៦​ថ្ងៃ​»​។ គាត់​បន្ថែមថា «​អ្វី​ក៏ដោយ វា​គឺជា​សុភមង្គល​របស់​ពួកគេ​។ សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ដែល​អធិស្ឋាន​សម្រាប់​ខ្ញុំ​»​។​

​យោងតាម Sina Harian បានឱ្យដឹងថា លោក Muhammad Azlan Al-Amin មកពី​គ្រួសារ​ដែល​មិនសូវមាន​សំណាង​ទេ ហើយ​គាត់​ធ្វើការ​អ្នកប្រមូល​សំរាម​អស់​រយៈពេល​៦​ខែ ប៉ុន្តែ គាត់​បានប្រែក្លាយ​ពី​ជីវិត​ដ៏​ក្រីក្រ​របស់គាត់ ក្លាយជា​សេដ្ឋី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោយពី​គាត់​រកឃើញ​នូវ​វិធី​ហក់​ចូលទៅក្នុង​វិស័យ​អចលនទ្រព្យ​។​

​រឿងរ៉ាវ​ពី​ជីវិត​ពិត​របស់គាត់ ក៏​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​សៀវភៅ​មួយ ដែល​បានដាក់​ចំណងជើង​ថា​៖ «​អាថ៌កំបាំង​របស់​អ្នកប្រមូល​សំរាម ក្លាយជា​សេដ្ឋី​»​។​

​យ៉ាងណាមិញ ជាមួយនឹង​ទង្វើរ​ដ៏​គួរ​ឲ្យ​កោតសរសើរ​របស់គាត់ មហាជន​ក៏បាន​លើកឡើងថា «​ប្រសិនបើ​មាន​សេដ្ឋី​ទាំងអស់ មាន​ទឹកចិត្ត​ដូចជា​លោក Muhammad Azlan Al-Amin នោះ​ពិភពលោក​នេះ​មិនដឹងថា​នឹង​ជាទី​កន្លែង​ដ៏​ល្អប្រសើរ​ជាង​មុន​យ៉ាងណាទេ​!!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×