ស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែងគឺជាខេត្តមួយដែលសម្បូរទៅដោយប្រភពទឹកនិងដី អំណោយផលដល់ផ្នែកកសិកម្ម-កសិឧស្សាហកម្ម។
ប្រជាពលរដ្ឋរស់នៅតំបន់ខេត្តមួយនេះ៨០ ភាគរយ ប្រកបមុខរបរធ្វើស្រែចំការនេសាទត្រី និងដាំដំណាំតាមលក្ខណៈប្រពៃណី។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានចុះជួបកសិករដាំដំណាំចម្រុះ នៅស្រុកសេសាននាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១។
ប្រធានមន្ទីរកសិកម្មរូបនេះ បានជំរុញដល់កសិករឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ អនុវត្តដាំដំណាំទៅតាមបច្ចេកទេស ដែលទទួលបានពីមន្ត្រីជំនាញផ្នែកកសិកម្ម។
លោកទុំ នីរ៉ូ បានបន្ថែមទៀតថា លោកកំពុងតែជំរុញប្រជាពលរដ្ឋឲ្យមានការដាំដំណាំជាច្រើនមុខបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ។ ការដាំដុះនោះត្រូវតែអនុវត្តទៅតាមបច្ចេកទេស ឲ្យបានត្រឹមត្រូវទៅតាមអ្វី ដែលមន្ត្រីជំនាញកសិកម្មក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល បានជំរុញកន្លងមក។ ដំណាំដែលពួកគាត់បានដាំទទួលបានទិន្នផលខ្ពស់ និងបានយកទៅលក់នៅលើទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារនៅក្នុងសហគមន៍។
លោកទុំ នីរ៉ូ បានបញ្ជាក់ថា មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានដើរតួនាទីជាស្នូលផ្ដល់នូវបទពិសោធន៍បច្ចេកទេស និងលើកទឹកចិត្តដល់កសិករគំរូ ដែលចូលចិត្តដាំដំណាំជាច្រើនមុខ ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្ន។ ទន្ទឹមនឹងការទទួលបានទិន្នផលនេះ ក៏មានការជំរុញជួយជ្រោមជ្រែង ពីអង្គការក្រៅរដ្ឋាភិបាលផងដែរ។
អ្នកស្រីផេវ ចាន់ថន វ័យ៥៣ឆ្នាំ រស់នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរៀបរាប់ថា ពីមុនមកគាត់ដាំបន្លែតាមបែបទម្លាប់ពីបុរាណឪពុកម្ដាយតមក គ្រាន់បានហូបតែប៉ុណ្ណោះ។ ឥឡូវនេះ មន្ត្រីជំនាញកសិកម្មបានពន្យល់ណែនាំ ពីអត្ថប្រយោជន៍នៃការដាំបន្លែ ទៅតាមបច្ចេកទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ទើបធ្វើឲ្យគាត់មានការចាប់អារម្មណ៍។
បន្ទាប់មក គាត់ក៏ចាប់ផ្ដើមដាំបន្លែជាច្រើនមុខ ឲ្យកាន់តែច្រើនរហូតទទួលបានទិន្នផលខ្ពស់។ ពេលបានផលមានគេទៅទិញសល់ផ្ទះ និងមួយចំនួនទៀតយកទៅលក់នៅផ្សារស្ទឹងត្រែង ដោយខ្លួនឯង។ កាន់តែយូរទៅ មានគេស្គាល់គេមកទទួលទិញ ដោយផ្ទាល់ដល់ផ្ទះគាត់។
កសិករផេវ ចាន់ថន បានប្រាប់ថា ការដាំបន្លែកាន់តែច្រើនឡើង ធ្វើឲ្យគាត់មានក្តីសង្ឃឹម បន្ទាប់ពីទទួលបានប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារគាត់។ ថែមទាំងអាចផ្ដល់លទ្ធភាពឲ្យកូន បន្តការសិក្សាទៀតផង៕ រក្សាសិទ្ធិដោយ៖សំណាង