ខេត្តតាកែវ ៖ បុរសបានម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ បត់ឆ្លងផ្លូវមិនប្រយ័ត្នក៌ត្រូវរថយន្តបុកពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង១០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ
ជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ស្ថិតក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សែន ជឿន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ នៅភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូម៉ាកអឹមដេ ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ បើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើម៉ូតូបត់ឆ្លងផ្លូវទៅទិសខាងកើត ត្រូវបានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2A-7442 បើកបរមកពីទិសខាងកើត បុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមមួយរំពិច។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើមិនបានឈប់នៅកន្លែងកើតហេតុឡើយបានបើករត់គេចចំងាយប្រហែល ០១ គីឡូម៉ែត្រ ក្រោយពេលសមត្ថកិច្ចដេញតាមពីក្រោយ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕