ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ” ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ” ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារទី ៦ ខែមីនា ឆ្នាំ២០១៨ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី លោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី ព្រមទាំងបងប្អូនជាស្ត្រីដែលជាមន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួនជាង២៤០នាក់។
លោកស្រី មុំ សណ្តាប់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានសមាគមននារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍នេះឡើង ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល បាន និងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធីផងដែរ។
លោកស្រីបន្តថា អភិបាលរាជធានី បានផ្តល់កាដូច្រើនណាស់សម្រាប់បងប្អូនជាស្ត្រីនៅរាជធានីភ្នំពេញ ដោយបានផ្តល់ការយកចិត្តទុកដាក់ ផ្តល់កម្លាំងចិត្ត និងបានផ្តល់ជាកាដូថវិកា៣០ម៉ឺនរៀលក្នុងម្នាក់ៗក្នុងពិធីនេះ
ថែមទៀត។
លោកឃួង ស្រេងបានមានប្រសាសន៍ថា បងប្អូននារី ជាធនធានមនុស្សមិនអាចខ្វះបានក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ដោយបងប្អូននារីបានបំពេញការងារបំរើអោយសង្គមជាតិយ៉ាងច្រើននិងមិនខ្លាចនឿយហត់ ។
លោកបន្តថា ពិធីនេះធ្វើឡើងដើម្បីរំលឹកឡើងវិញពីវីរៈភាពរបស់ស្ត្រី ដែលបានប្រឆាំងនឹងលក្ខខណ្ឌការងារ តួនាទីរបស់ស្ត្រីក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍន៍ ការជំរុញឲ្យបញ្ឃប់នូវ ការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។
លោកបន្តថាប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
លោក ឃួង ស្រេងបានបន្តថា សិទ្ធិនារី មិនមែនមាន តែមួយថ្ងៃនេះទេ គឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបានយើងលើកតំកើនយូរមកហើយ នេះបើមើលតាមរយះភាសារនិងអក្សរ ដូចជាមេបា មេទ័ព មេក្លោងជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ បានបង្កើតអោយមាន ច្បាប់ ដើម្បីអោយស្ត្រីដឹកនាំ ក្នុងមួយស្ថាប័នយ៉ាងតិចមួយនាក់ផងដែរ សម្រាប់ថ្នាក់ជាតិនិងក្រោមជាតិ៕ ដោយ ៖ កូឡាប