Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! អ៊ំស្រីលះបង់ជីវិតនឹងលុយ ៤ ម៉ឺន អង្ករ ២ គីឡូ ព្រោះតែដើម្បីចិញ្ចឹមចៅកំព្រា និងកូនមានបញ្ហាវិបល្លាសស្មារតី

កាលពីព្រឹកថ្ងៃទីម្ភៃ៣ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅមុខភូមិគ្រឹះឧកញ៉ា សុខ គង់ ដោយសារតែមនុស្សរាប់រយនាក់មកប្រមូលផ្តុំគ្នារង់ចាំទទួល អាំងប៉ាវ លុយ ៤ ម៉ឺនរៀល និងអង្ករ ២ គីឡូ មិននឹកស្មានបែរក្លាយជាសោកនាដកម្មជាន់គ្នាស្លាប់ និងរបួសដ៏រន្ធត់។

យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា បន្ទាប់ពីភូមិគ្រឹះឧកញ៉ា សុខ គង់ បានប្រកាសថានឹងផ្តល់អាំងប៉ាវ ជាអំណោយក្នុងឱកាសបុណ្យចូលឆ្នាំចិន ជាហេតុធ្វើឲ្យមនុស្សជាច្រើនដែលបានលឺដំណឹងនេះ បានទៅរង់ចាំនៅមុខភូមិគ្រឹះឧកញ៉ា ដើម្បីទទួលយកអាំងប៉ាវ ដែលមានចំនួនណែនតាន់តាប់ រហូតពីក្នុងផ្ទះហៀរដល់ផ្លូវតែម្តង។

តែអ្វីដែលមិនរំពឹងទុកនោះ ក៏ស្រាប់តែមានមនុស្សសម្រុកមកកាន់តែច្រើនឡើង ច្រើនឡើង ហើយក៏បង្កភាពចលាចល ឈានដល់ជាន់គ្នារងរបួស និងថប់ដង្ហើម​ ខ្យល់គដួលសន្លប់ជាបន្តបន្ទាប់ ហើយថែមទាំងស្លាប់ដ៏រន្ធត់។ របាយការណ៍​មុន​បាន​បង្ហាញ​ថា មនុស្ស​៣​នាក់​បាន​ស្លាប់ និង​៦​នាក់​ទៀត​រង​របួស ហើយត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រោយមក លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីហេតុការណ៍ និងបានបង្ហាញពីវឌ្ឍនភាពព័ត៌មានថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤នាក់ហើយ គឺស្រី ២នាក់ និងប្រុស ២នាក់។ ចំណែក​អ្នក​រង​របួស​៥​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​។

មូលហេតុ​នៃ​ការ​ស្លាប់ ​គឺ​ដោយសារ​ជនរងគ្រោះជាមនុស្សវ័យចំណាស់ និង​មាន​សុខភាព​មិនល្អ ​ត្រូវ​ហ្វូង​មនុស្សច្រើនប្រជ្រៀតរុញច្រានបណ្តាលឲ្យថប់ដង្ហើម​​ ខ្យល់គរ ដួលបន្តបន្ទាប់តែម្តង។

ពិតណាស់ ​ក្រោយពីបានឃើញរូបភាពនេះ ក៏មានមនុស្សមួយចំនួន បានសម្តែងការហួសចិត្ត និងស្តីបន្ទោសថា មកពីម្នាក់ៗមានសេចក្តីលោភលន់ចង់បានស្រួលៗ ទើបក្លាយជាទុក្ខបែបនេះ។

តែយ៉ាងណា បើតាមសាច់ញាតិ​របស់​អ្នក​ស្លាប់​ ​បាន​និយាយ​ថា មូលហេតុ​ដែល​ពួកគាត់​ មក​រង់ចាំទទួល​អំណោយ​អាំងប៉ាវនេះ ​គឺ​ដោយសារ​ពួកគាត់​ក្រីក្រខ្លាំង។

ជាក់ស្តែង អ៊ុំស្រីម្នាក់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ចែកអាំងប៉ាវនេះ​ គឺត្រូវបានដឹងថា គាត់ជាស្ត្រីពិកាជើង និងដើររើសអេតចាយ​ ចិញ្ចឹមចៅកំព្រា​ និងកូនដែលមានបញ្ហាវិបល្លាសស្មារតីម្នាក់ទៀតផង។

ទន្ទឹមនឹងនេះ ពលរដ្ឋអ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងថា «4 ម៉ឺនរៀលសម្រាប់អ្នកមាន អ្នកមធ្យម ប្រហែលជាមិនច្រើនទេ បុន្តែសម្រាប់ពួកគាត់ និងអ៊ំស្រីដែលស្លាប់ គឺគាត់អាចរស់បានជាមួយលុយ៤ម៉ឺនរៀលនេះ សម្រាប់រយៈពេលជាច្រើនថ្ងៃទៀតផងដែរ។ មិនគួរណាថា គាត់ចង់បានលុយទេ កុំឲ្យតែគាត់ទៅលួចឆក់ប្លន់គេ។

ត្រូវគិតថា ជីវិតមនុស្សមានតម្លៃណាស់ មិនសាកសមនឹងលុយ៤ម៉ឺនរៀលនោះទេ គាត់ចង់បាន ដោយសារតែភាពក្រីក្រលំបាកវេទនា និងចិញ្ចឹមជីវិតមនុស្ស បួនប្រាំនាក់ទៀតនៅក្នុងបន្ទុក។
សូមវិញ្ញាណក្ខន្ធអ៊ំស្រីអញ្ជើញដោយសេចក្តីស្ងប់សុខចុះ»។

តែយ៉ាងណា សម្រាប់ហេតុការណ៍នេះ ពលរដ្ឋដដែលនោះ ក៏បានស្តីបន្ទោសថា «កំហុសគឺបណ្តាលមកពីអាជ្ញាធរខ្វះការរៀបចំសណ្តាប់ធ្នាប់ទុកមុន បទពិសោធន៍ស្ពានកោះពេជ្រជាមេរៀន គាត់មិនបានយកមកអនុវត្ត។ ការចែកអំណោយ ជារឿងត្រឹមត្រូវ តែការអនុវត្តកត្តាសុវត្ថិភាព គឺអាជ្ញាធរត្រូវទទួលខុសត្រូវទាំងស្រុង ព្រោះធ្វើឡើងនៅទីសាធារណៈ។ មិនមែនចាំរឿងហេតុកើតឡើងហើយ ទើបមាន អាយកូម ឆ្វេចឆ្វាចនោះទេ វាយឺតពេលទៅហើយ»៕

×