កោះកុង៖ ប្រជាពលរដ្ឋរាប់រយនាក់ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ ខេ.អេស.អាយ (K.S.I) និងក្រុមហ៊ុន ខេ. ភី. ធី (K.P.T) បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខផ្លូវចូលទៅកាន់ក្រុមហ៊ុននេះ ដើម្បីទាម ទារឲ្យរដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ឲ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជូនពួកគាត់ ដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅកោះកុង ចប់ឲ្យបានឆាប់។
ប្រជាពលរដ្ឋតំណាងឲ្យ ១៥០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនទាំងពីរខាងលើ បានមកប្រមូលផ្តុំគ្នាតវ៉ា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨ និងមកពី ៧ភូមិរួមមាន៖ ភូមិតាធង និងភូមិព្រះអង្គកែវ ស្ថិតក្នុងឃុំដងពែង។ ភូមិត្រពាំងកណ្តោល និងភូមិជីខ ស្ថិតក្នុងឃុំជីខលើ។ ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល និងប្រជាពលរដ្ឋមកពីភូមិតាំកន់ និងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកោះកុង លោក ញៀប សំអឿន ដែលបានចុះអង្កេតការប្រមូលផ្តុំគ្នា របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីព្រឹកមិញនេះ មានតំណាងពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ១០០នាក់ បាននាំគ្នាប្រមូលផ្តុំ នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ លោកថា ក្រោយបានជួបជុំគ្នាហើយ ក្រុមប្រជាពលរដ្ឋ ក៏បានដង្ហែរក្បួនតាមម៉ូតូធ្វើដំណើរឆ្ពោះ ទៅមុខក្រុមហ៊ុន KPT &KSI ស្ថិតនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ដោយមានបំណងសម្រុកចូលទៅក្នុងបរិវេណក្រុមហ៊ុនខាងលើ ប៉ុន្តែនៅពេលទៅដល់ខ្លោងទ្វារក្រុមបាតុករ បានថយក្រោយវិញ រួចក៏មានបំណងនាំគ្នាបិទផ្លូវជាតិ ៤៨ ប៉ុន្តែក៏បានរំសាយវិញភ្លាមៗ ដោយរង់ចាំការរកដំណោះស្រាយពីអាជ្ញាធរសិន។
លោក ញៀប សំអឿន បានបន្តថា ជួនពេលនោះត្រូវ លោក ម៉ាស់ សុជា អភិបាលរងស្រុកស្រែអំបិល ខេត្តកោះកុង បានមកដល់នៅម៉ោងជិត ១០ព្រឹក ក៏បានហៅប្រជាពលរដ្ឋជាបាតុករមកជួបពិភាក្សាគ្នារកដំណោះស្រាយ ប៉ុន្តែមិនមានលទ្ធផលទេ ព្រោះតែអភិបាលរងស្រុករូបនេះ បានអះអាងថា ខ្លួនគ្មានសមត្ថកិច្ចដោះស្រាយលើករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុនខាងលើនោះទេ។ លោកថា ក្រោយមក នៅម៉ោងជាងជាង ១១ព្រឹកថ្ងៃដដែល ក៏ឃើញវត្តមាន លោក ម៉ា ទី អភិបាលស្រុកស្រែអំបិល ក៏បានមកដល់ទីកន្លែងប្រជាពលរដ្ឋប្រមូលផ្តុំ និងបានបន្តជួបពិភាក្សាគ្នាជាមួយក្រុមប្រជាពលរដ្ឋជាបន្តទៀត ដើម្បីឈានទៅមានដំណោះស្រាយទៀត ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលនោះទេ។
លោកថា រហូតមកដល់ពេកនេះ ជុំនួបពិភាក្សាគ្នាជាមួយក្រុមកម្មករ របស់អាជ្ញាធរស្រុកស្រែអំបិល នៅមិនទាន់មានដំណោះស្រាយទេ ហើយប្រជាពលរដ្ឋតំណាង ឲ្យពលរដ្ឋចំនួន ១៥០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនស្ករអំពៅ ខេ.អេស.អាយ (K.S.I) និងក្រុមហ៊ុន ខេ. ភី. ធី (K.P.T) បានបន្តប្រមូលផ្តុំគ្នាតវ៉ានៅក្រោមកំដៅថ្ងៃ តាមចិញ្ចើមផ្លូវជាតិលេខ ៤៨ ប៉ុន្តែមិនមានការបិទផ្លូវជាតិទេ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
ការប្រមូលផ្តុំគ្នាតវ៉ា របស់តំណាងប្រជាពលរដ្ឋ ១៥០គ្រួសារ កាលពីព្រឹកមិញនេះ គេសង្កេតឃើញកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តកោះកុងជាងសែសិបនាក់ ត្រូវបានគេដាក់ពង្រាយ ដើម្បីការពារនៅពីមុខបរិវេណផ្លូវចូលទៅក្រុមហ៊ុនស្ករអំពៅទាំងពីរខាងលើ ប៉ុន្តែមិនកើតមានអំពើហិង្សា ឬមិនទាន់មានការចាប់ខ្លួនប្រជាពលរដ្ឋណាម្នាក់ ក្នុងសកម្មភាពប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធី ដើម្បីទាមទាររកដំណោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ខេ.អេស.អាយ (K.S.I) និងក្រុមហ៊ុន ខេ. ភី. ធី (K.P.T) នៅឡើយទេ គិតត្រឹមម៉ោង ១២ និង៣០នាទីរសៀលថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨៕ ដែន សីមា