ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម ជាមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានថ្លែងអំពាវនាវដល់យុវជនទាំងអស់ត្រូវរួមថែរក្សា និងការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន ដោយមិនត្រូវចូលរួមចលនាបដិវត្តន៍ផ្តួលរំរាជរដ្ឋាភិបាលតាមការចង់បានរបស់គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងនៅកម្ពុជានោះឡើយ។
ការថ្លែងអំពាវនាវខាងលើនេះនាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនៅចំថ្ងៃខួប២៦ឆ្នាំនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនក្នុងខេត្តឧត្តរមានជ័យប្រមាណ ៣០០នាក់ កាលពីថ្ងៃទី២៣តុលានៅខេត្តឧត្តមានជ័យ។ នៅចំពោះមុខយុវជនលើដែនដីដែលញ៉ាំញីដោយភ្លើងសង្គ្រាមទើបនឹងបញ្ចប់កាលពីឆ្នាំ១៩៩៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកជាច្រើនពីទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅក្នុងភ្លើងសង្គ្រាមជាង ៣ទសវត្សរ៍ផ្តើមចេញពីចលនាប៉ះបោរ និងការប្លន់អំណាចរបស់ក្រុមសេនាប្រមុខ លន់ នល់ ដែលមានអាមេរិកជាបង្អែក ១៨ មីនា ១៩៧០ ដោយបានទម្លាក់ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រឹងប្រែងរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ប្រឹងប្រែងចរចាស្វែងរកសន្តិភាព និងដាក់ចេញនយោបាយឈ្នះឈ្នះប្រមូលកងទ័ពខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋាភិបាល បញ្ចប់ភ្លើងសង្គ្រាមនៅឆ្នាំ១៩៩៨។
មន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជា និងមានឥទ្ធិពលរូបនេះ បានថ្លែងគូរបញ្ជាក់ថា៖សុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកនេះសំខាន់ណាស់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយយុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាពនេះ។លោកថា៖យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ត្រូវតែចូលរួមក្នុងសកម្មភាពសង្គម ដើម្បីសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវស្វែងយល់ពីសភាពការណ៍ពិតរបស់ប្រទេសជាតិ ដើម្បីកុំឲ្យចាញ់ការឃោសនារបស់ពួកប្រឆាំង ដែលវាខិតខំញុះញង់ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាំប្រទេសទៅរកសង្គ្រាម។ យុវជនយើងត្រូវតែចូលរួមក្នុងការរក្សាការពារសន្តិភាពដ៏មានតម្លៃមួយនេះ។
ក្នុងកិច្ចសំណេះសំណាលនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានបំផុសយុវជនឲ្យចូលរួមបម្រើកងទ័ពផងដែរ ដើម្បីពង្រឹងឃឿនការពារឲ្យកាន់តែខ្លាំងក្លាគេចផុតពីការឈ្លានពានទាំងឡាយ។ បន្ទាប់ពីកិច្ចសំណេះសំណាលក្នុងជំនួយជាមួយយុវជននោះ ក៏មានហូបអាហារសាមគ្គី និងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពរីករាយផងដែរ៕ ដោយ៖ជាលី