Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ីង​ អាំង​ចុច​ជាមួយ​ទឹកជ្រលក់ ឬក៏​ស្ងោរជ្រក់​តាមចិត្ត​ចង់​ឆ្ងាញ់​ពិសា​​

​ស្ទឹងត្រែង ៖ ភ្លៀង​ធ្លាក់​ខែ​ដើមឆ្នាំ​ហ៊ីង​ចេញពី​ក្នុង​ដី ក្រោយ​លាក់ខ្លួន​ពេញ​មួយឆ្នាំ​ស្រែកយំ​ខ្លាំងៗ តាម​ថ្លុក​ត្រពាំង​វាលស្រែ​ដងអូរ ត្រូវ​មនុស្ស​ចាប់​យកមក​ធ្វើ​ម្ហូប​។​

​ស្ត្រី​មាឌធំ​ម្នាក់​អង្គុយ​លក់​ហ៊ីង​នៅ​ផ្សារ​ស្ទឹងត្រែង ព្រឹក​ថ្ងៃទី ៩ ខែមេសា​ឆ្នាំ ២០២១ បាន​ប្រាប់ថា គាត់​ទទួល​ទិញ​ហ៊ីង​ទាំង​កា​រ៉ុង យកមក​ដាក់លក់​នៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ក្នុង ១ គីឡូក្រាម តម្លៃ​ទាប​បំផុត​ក៏ ១៥០០០​រៀល ។​

អ្នកលក់​ហ៊ីង​បាន​និយាយទៀតថា ហ៊ីង​នៅ​ថ្ងៃ​ដំបូង​ខែ​ភ្លៀង​ធ្លាក់​ដើមឆ្នាំ មាន​ពង​ពេញ​ពោះ​ខ្លាញ់​ល្អ​ណាស់​។ បើសិនជា​ភ្លៀង​ធ្លាក់​ជោកជាំ​ហ៊ីង​ស៊ី​ចំណី​សត្វល្អិត ដូចជា​ស្រមោច​កណ្ដៀរ​ពេញ​ពោះ​មិន​ឆ្ងាញ់​ទេ​។​

អ្នក​ខេត្តស្ទឹងត្រែង​និយម​ចាប់​ហ៊ីង​មក​ត្រាំ​ទឹកអំបិល ដើម្បី​ឲ្យ​វា​ផឹក​ចូលក្នុង​ពោះ រួច​យកទៅ​អាំង​ចុច​ជាមួយ​ទឹកជ្រលក់ ឬក៏​ស្ងោរជ្រក់​តាមចិត្ត​ចង់​ឆ្ងាញ់​ពិសា​។​

​សត្វ​ហ៊ីង​គឺជា​នាមសព្ទ​សត្វ​មួយ​ប្រភេទ សន្ដាន​កង្កែប តែ​សណ្ឋាន​មាឌ​ត្រមុល បំប៉ោង​ខ្លួន​បាន​, បង្កប់ខ្លួន​នៅក្នុង​ដី​សើម ឬ​ក្នុង​គំនរ​ស្លឹកឈើ​សើម កាលណា​មាន​ភ្លៀង​ចេញមក​ខាងក្រៅ តែង​ស្រែកយំ​ឮសូរ​ខ្លាំង​ហួសមាឌ​។ ហ៊ីង មាន​៣​ប្រភេទ​គឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំ​ជាង​ហ៊ីង​ឯទៀត យំ​ឮ​ក្រេ​ត​ក្រូ​តៗ​; ហ៊ីងជ័រ មាឌតូច​ជាង​ហ៊ីងកណ្ដោល មាន​ជ័រស្អិត​នៅលើ​ស្បែក យំ​ឮសូរ​តូច​ស្រួច​ក្ងួ​; ហ៊ីងចំបក់ មាឌតូច​ជាង​ហ៊ីងជ័រ យំ​ឮសូរ​ខ្សោយ​ជាង​ហ៊ីងជ័រ​៕ រក្សា​សិទ្ធិ​ដោយ​:​សុខុម​

×