ភ្នំពេញ ៖ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអះអាងថា ផលិតផលក្លែងក្លាយ និងខូចគុណភាព ប្រមាណជាង១១តោន ដែលរឹបអូសបានពីលើទីផ្សារដែលបានចរាចរលក់ដូរ នាពេលកន្លង ត្រូវបានយកទៅដុតកំទេចចោល កាលពីព្រឹកថ្ងៃទី៧ខែមីនានេះ ។
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធៀន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ទំនិញខូចគុណភាព ដែលកម្លាំងចម្រុះរឹបអូសបាន មានចំនួន៦មុខទំនិញ ដូចជាស្រា លេលាបស្បែក ថ្នាំពេទ្យ កាហ្វេ ភេសជ្ជៈ និងគ្រឿងសំអាង សរុបចំនួនជាង១០តោន។
លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូល បានបង្ហាញថា ទំនិញដែលធ្វើការដុតកំទេចចោលនេះ គឺរឹបអូសបានពីឈ្មួយទុច្ចរិតជាបន្តបន្ទាប់នាពេលកន្លងទៅ។ លោកបានបន្តថា នៅមានភេសជ្ជៈ៣០តោន ដែលខូចគុណភាព គ្រោងនឹងកំទេចចោលនាពេលឆាប់ៗខាងមុខនេះ ហើយការដុតកម្ទេចចោលផលិតផលហាមឃាត់ជាង១១តោន នាពេលនេះ គឺជាលើកទី២៦ហើយ ដោយទំនិញទាំងនោះ រួមមាន ថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈប៉ូវកម្លាំង និងសំបកវេចខ្ចប់ បៀរនីឡុង ប្រេងម៉ាស៊ីន (HXS FORMULA-1) និងស្រាកែច្នៃ៕ ដោយ៖បញ្ញាស័ក្តិ