បាត់ដំបង ៖ នៅតាមទីតាំងភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន នៅក្នុងក្រុងបាត់ដំបង គេសង្កេត ឃើញថា បានអនុវត្ត និងគោរពទៅតាម សេច ក្តី ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួម ទប់ ស្កាត់ ការរាល ដាលនៃជំងឺកូវីដ១៩ទាំងអស់ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាង មុខ។
ទន្ទឹមនិងនេះដែរ ដើម្បីបន្ថែមសុវត្ថិភាព ជូនប្រជា ពលរដ្ឋបន្ថែមទៀត លោកនួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំក្រមការងារអធិការកិច្ចរបស់មន្ទីរ ចុះណែនាំអំពីវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់អាហារ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ធ្វើឡើងនៅរាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ។
លោក នួន ថា បានបញ្ជាក់ថា ការចុះពិនិត្យទីតាំងទាំងនោះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីណែនាំមួយដល់ម្ចាស់អាជីវកម្មសេវាម្ហូបអាហារ និងភេសជ្ជៈទូទាំងខេត្តបាត់ដំបងឱ្យមានការផ្អាកការទទួលភ្ញៀវចូលបរិភោគនៅក្នុងទីតាំងអាជីវកម្មចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តែអាចលក់ជាលក្ខណៈវេចខ្ចប់ ឬដឹកជញ្ជូនជូនភ្ញៀវបាន ។
លោកនួន ថា បានធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ តាមផ្លូវ ហាងកាហ្វេ ហាងភេសជ្ជៈ និងកន្លែងលក់អាហារផ្សេងៗទៀត សូមចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា ។
លោកបានគូសបញ្ជាក់ថា ចំពោះអាជីវកម្មណាមួយ ដែលល្មើសនឹងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត នឹងត្រូវដកហូតអាជ្ញាបណ្ណ បិទផ្អាកដំណើរការអាជីវកម្ម ជាពិសេសត្រូវប្រឈមនឹងមុខច្បាប់ជាធរមានថែមទៀតផង៕
រក្សាសិទ្ធិដោយ៖CEN