ភ្នំពេញ៖ តាមការអង្កេតបឋមថ្មីៗនេះ ស្តីពីការអនុលោមតាមបទដ្ឋានបរិស្ថានគ្មានផ្សែងបារី នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប បានបង្ហាញថា ភោជនីយដ្ឋានប្រមាណ៦៣% បានបិទសញ្ញាហាមជក់បារី នៅកន្លែងរបស់ខ្លន។ ប៉ុន្តែ មានតែគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ៤៤% ប៉ុណ្ណោះ បានប្រាប់អ្នកកំពុងជក់បារី អោយទៅជក់ខាងក្រៅភោជនីយដ្ឋានរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
បើតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា គួរកត់សំគាល់ថា អតិថិជនដែលកំពុងតែជក់បារី ប្រមាណ៨០%ធ្វើតាមការណែនាំរបស់ម្ចាស់ឬអ្នកគ្រប់គ្រងភោជនីយដ្ឋាន ដោយពេញចិត្ត។ នេះជាសញ្ញាណវិជ្ជមានមួយ ក្នុងការលើកទឹកចិត្តអោយម្ចាស់ឬអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយចំនួន ដែលនៅស្ទាក់ស្ទើរមិនហ៊ានប្រាប់អ្នកជក់បារីអោយទៅជក់ខាងក្រៅ ដូចដែលច្បាប់បានកំណត់។
តាមការអង្កេតរបស់ក្រសួងផែនការឆ្នាំ២០១៤ បានបង្ហាញថា ការស្រូបផ្សែងបារីពីគេនៅភោជនីយដ្ឋាន មានអត្រាខ្ពស់ជាងគេ បើធៀបទៅនឹងកន្លែងដទៃទៀតរហូតដល់ ៧០%។
សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីវិធានការចំពោះការជក់និងបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការនិងកន្លែងសាធារណៈ បានហាមឃាត់មិនអោយមានការជក់បារី ខាងក្នុងអគារនៃកន្លែងធ្វើការនិងកន្លែងសាធារណៈ រួមមានៅភោជនីយដ្ឋាន សណ្ឋាគារ/ផ្ទះសំណាក់ និងមធ្យោបាយធ្វើដំណើរសាធារណៈគ្រប់ប្រភេទ។ អនុវត្តនេះ ក៏បានផ្តល់តួនាទីបីយ៉ាង ដល់ម្ចាស់ឬអ្នកគ្រប់គ្រងកន្លែង (១) បិទសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់ (២) កុំដាក់តាំងបង្ហាញប្រដាប់គោះបារី នៅកន្លែងហាមជក់ និង(៣) ប្រាប់អ្នកជក់បារី អោយទៅជក់ខាងក្រៅ។ បើម្ចាស់ឬអ្នកមិនគ្រប់គ្រងភោជនីយដ្ឋានណា មិនគោរពតាមអនុក្រឹត្យនេះ នឹងត្រូវពិន័យ ប្រាំម៉ឺនរៀលក្នុងមួយករណី។ ដូច្នេះ ដើម្បីចៀសផុតពីការពិន័យ និងរួមចំណែកថែរក្សាសុខភាពភ្ញៀវ បុគ្គលិក ក៏ដូចជាខ្លួនឯង ម្ចាស់ឬអ្នកគ្រប់គ្រងត្រូវអនុវត្តតាមអោយបានខ្ជាប់ខ្ជួនតួនាទីទាំងបីដែលចង្អុលបង្ហា្ដញដោយអនុក្រឹត្យ។ ម្ចាស់ឬអ្នកគ្រប់គ្រងភោជនីយដ្ឋាន មិនគួរព្រួយបារម្ភពីការបាត់បង់ភ្ញៀវ នៅពេលមិនអនុញ្ញាតអោយជក់បារីខាងក្នុងឡើយ ព្រោះតាមបទពិសោធន៍ទូទាំងពិភពលោកបង្ហាញថា ហាមឃាត់ការជក់បារីខាងក្នុងភោជនីយដ្ឋាន មិនធ្វើអោយបាត់បង់ភ្ញៀវទេ។ ភ្ញៀវទាំំងអ្នកជក់ ទាំងអ្នកមិនជក់ ចូលភោជនីយដ្ឋាន ដើម្បីទទួលយករសជាតិអាហារ និងបរិយាកាសស្រស់ថ្លា មិនមែនទៅទីនោះដើម្បីស្រូបផ្សែងបារីទេ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើនសន្ធឹកសន្ធាប់គាំទ្រអោយមានការហាមឃាត់កាជក់បារីនៅតាមភោជនីយដ្ឋាន រហូតដល់៨៤% បើយោងតាមការស្រាវជ្រាវរបស់ក្រសួងផែនការ ឆ្នាំ២០១៤។
គួរបញ្ជាក់ថា ទាំងអ្នកជក់បារី និងអ្នកស្រូបផ្សែងបារីពីគេ សុទ្ធតែប្រឈមមុខនឹងការកើតជំងឺយ៉ាងធ្ងប់ធ្ងរ ដូចជាជំងឺមហារីក ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺបេះដូង សរសៃឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងផលប៉ះពាល់ចំពោះទារកនិងកុមារ។
កន្លងមក មានសណ្ឋាគារ និងភោជនីយដ្ឋាន១ចំនួន បានអនុវត្តអនុក្រឹត្យនេះ បានយ៉ាងល្អប្រសើរ ដូចជាសណ្ឋាគារ សាន់វ៉េភ្នំពេញ សណ្ឋាគារ បុរីអង្គរ សណ្ឋាគារ ឡូទុសប្លង់ ភោជនីយដ្ឋានអង្គរម៉ុងឌីយ៉ាល់ ភោជនីយដ្ឋានបន្ទាយស្រី ភោជនីយដ្ឋានច័ន្ទរីទ្រីនៃខេត្តសៀមរាប ហើយទទួលបានការគាំទ្រពីអតិថិជនដែលមិនជក់បារី និងអ្នកជក់បារីយ៉ាងច្រើន៕ ដោយ៖កូឡាប