Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​សមត្ថភាព ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ​ឲ្យមាន​ប្រសិទ្ធភាព​ទេ​ (Video inside)

ខេត្ត​ព្រះសីហនុ​៖ សាធារណៈជន​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​គ្មាន​សមត្ថ​ក​ភាពចុះ​អនុវត្ត សេចក្តីជូនដំណឹង ឬ​បំរាម​ហាម​មិនឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​ចូល​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ​ពេល​ថ្ងៃ ដែល​បង្ក​ឲ្យមាន​ការកកស្ទះ​នោះទេ​។

​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា រាល់ថ្ងៃនេះ រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្ត​សណ្តោង​ជាដើម បាន​បើកបរ​ចូល​ក្នុង​ក្រុង​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​ចត​ផ្ទេរ​ទំនិញ ឬ​ដឹក​ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ នៅ​ពេល​ថ្ងៃ​បាន​បន្ត​កើតមាន​ដដែល ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​៖ កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ជាដើម ចេញមុខ​ទប់ស្កាត់​នោះទេ​។

​ត្រង់​ចំណុច​នេះ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូលមក​ដល់​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​មាន​ភាពកម្សោយ ឬ​គ្មាន​សមត្ថភាព​ក្នុង​ការបំពេញ​តួនាទី ព្រោះ​សូម្បី​តែ​បំរាម​ហាម​រថយន្ត​ធុន​ធំៗ ឬ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ មិន​ឲ្យ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ ដែល​រដ្ឋបាល​ខេត្ត​នេះ​បាន​ដាក់​បំរាម គឺ​គ្មាន​អ្នកអនុវត្ត​តាម ហើយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មិនឃើញ​មាន​សកម្មភាព​ចុះ​ទប់ស្កាត់​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​ចូល​ក្រុង​ពេល​ថ្ងៃ​ទាំង​នោះ​ឲ្យមាន​ប្រសិទ្ធភាព​ទេ​។​

​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ អះអាងថា រាល់ថ្ងៃ​នេះ​ឃើញ​មាន​រថយន្ត​ដឹកទំនិញ​ធំៗ បាន​បន្ត​បើក​ចូល​ក្នុង​ក្រុង​យ៉ាង​អនាធិបតេយ្យ​នៅ​ពេល​ថ្ងៃ នាំឲ្យ​បាត់បង់​សោភណ្ឌភាព​ក្រុង​ទេសចរណ៍​មួយ​នេះ​ធ្ងន់ធ្ងរ និង​បាន​បង្ក​ការកកស្ទះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ ពលរដ្ឋ​រិះគន់ថា ភាពអនាធិបតេយ្យ នៃ​រថយន្ត​ដឹកទំនិញ​បើក​ចូល​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​នៅ​ពេល​ថ្ងៃនេះ គឺ​មិន​ឃើញ​មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​រួមមាន​៖ កម្លាំង​ស្នងការ​នគរបាល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ជាដើម ចេញមុខ​ទប់ស្កាត់​ឬ​ហាមឃាត់ ឲ្យមាន​ប្រសិទ្ធភាព​ទេ​។​

​ទាក់ទិន​បញ្ហា​នេះ កន្លងមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​ព្រមាន​ចាត់វិធានការ​ក្តៅ​តាម​ផ្លូវច្បាប់ ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ធំៗ​ទាំងឡាយណា ដែល​នៅ​បន្ត​បើករថយន្ត​ធុន​ធ្ងន់ ឬ​រថយន្ត​ដឹកទំនិញ​ធំៗ​របស់ខ្លួន ចូល​ក្នុង​ក្រុង​ពេល​ថ្ងៃ និង​ចត​តាម​ចិញ្ចើម​ផ្លូវ នាំ​ឲ្យ​ស្ទះផ្លូវ​ធ្វើដំណើរ ព្រមទាំង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។
​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ជាវ វិជ្ជា​ក់ ធ្លាប់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹងថា អាជ្ញាធរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមមាន​៖ មន្ត្រី​សាធារណៈការ និង​ដឹកជញ្ជូន កម្លាំង​នគរបាល​ចរាចរណ៍ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ទៀត នៃ​រដ្ឋបាល​ខេត្ត​នេះ បាន​ចុះ​ណែនាំ​សេចក្តីជូនដំណឹង ស្តី​អំពី​ការហាមឃាត់​ប្រភេទ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ មិនឲ្យ​ធ្វើ​ចរាចរណ៍​ចូល​ក្រុង​ពេល​ថ្ងៃ និង​តម្រូវ​ឲ្យ​លាង​សំអាត​កង់ ឬ​តួ​រថយន្ត​ឲ្យបាន​ស្អាត មុន​ពេល​បើកបរ​តាម​ផ្លូវ​សាធារណៈ ពិសេស​បើក​ចូល​ទីប្រជុំជន​ក្រុងព្រះសីហនុ​។

​លោក​បន្តថា បំរាម​នេះ កម្លាំងចម្រុះ ក៏​ធ្លាប់បាន​ចុះ​អនុវត្ត​នៅ​តាម​ទីតាំង​មួយចំនួន មាននៅ​តាម​ផ្លូវ​ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​សូគីម៉ិច​កែង​រ៉ា​រទេះភ្លើង រហូត​ដល់​មុខ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ ចុះ​អនុវត្ត​នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៤ និង​បាន​ចុះ​ទៅ​ណែនាំ​ដល់​ទីតាំង​ក្រុមហ៊ុន សូ ងួន និង ក្រុមហ៊ុន ក្រឡុក​ស៊ីម៉ងត៍ អ៊ុយ ញ៉ុង​ជាដើម មាន​ទីតាំង​ក្នុង​ក្រុង​ព្រះសីហនុ​ជាដើម​។

​សេចក្តីជូនដំណឹង​នេះ លោក ជាវ វិជ្ជា​ក់ និង​ក្រុមការងារ ក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​ឲ្យ​តំណាង​ក្រុមហ៊ុន​នី​មួយៗ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​រួមគ្នា​ថែរក្សា​បរិស្ថាន ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ឲ្យមាន​សោភ័ណ្ឌភាព ជាពិសេស​ទប់ស្កាត់​រាល់​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​ដើម្បី​អនុវត្ត​ការងារ​នេះ ឲ្យទទួល​បាន​ជោគជ័យ លោក ជាវ វិជ្ជា​ក់ អភិបាលរង​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បាន​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ មិន​ត្រូវ​លួច​ធ្វើ​សកម្មភាព​បើក​រថយន្ត​ចូល​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ​ទៀត​ទេ​នា​ថ្ងៃ​ខាង​មុខ​។ ជាង​នេះ លោក​ក៏​ហាម​ដាច់ខាត​មិន​ត្រូវ​យក​ចិញ្ចើម​ផ្លូវ​ថ្នល់ជាតិ សម្រាប់​ឈប់ ឬ​ចត​រថយន្ត ដើម្បី​ដាក់ ឬ​ផ្ទេរ​ទំនិញ របស់ខ្លួន នាំឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ការកកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ទៀត​ទេ​។

​ទោះជា​បែប​នេះ​ក្តី សេច​ជូនដំណឹង ឬ​បំរាម​ហាម​មិនឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ បើក​ចូល​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពុំ​មាន​ប្រសិទ្ធភាព និង​មិន​មាន​អ្នកអនុវត្ត​តាម​នោះ​ទេ ដោយ​រាល់ថ្ងៃនេះ គេ​សង្កេតឃើញថា មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ បាន​បន្ត​បើក​ចូល​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ​នៅ​ពេល​ថ្ងៃ បាន​បន្ត​កើតមាន​ដដែល និង​បង្ក​ការកកស្ទះ​រាល់ថ្ងៃ ដោយ​មិន​ឃើញ​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត​ចុះ​ហាមឃាត់​ទេ​៕ ដែន សីមា

×