នារីម្នាក់ឈ្មោះ Peeraya Saena អាយុ ២០ ឆ្នាំ ដែលក៏ត្រូវបានគេស្គាល់មានឈ្មោះផ្សេងមួយទៀតថា Nong Jaen នាពេលនេះ កំពុងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីវីដេអូបង្ហាញឲ្យឃើញនាងបានធ្វើវិធីសង្គ្រោះបឋម «មិនសមរម្យ» ទៅលើបុរសរងគ្រោះម្នាក់ បានរីករាលដាល ។
យោងតាមរបាយការណ៍ ជីពចរបុរសម្នាក់ បានឈប់ដំណើរការ បន្ទាប់ពីអគ្គីភ័យដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅផ្លូវ Chan Road Soi 51 ប្រទេសថៃ ។ វេជ្ជបណ្ឌិត Withawat Siriprachai បានអះអាងថា បុរសនោះបានរងទទួលនូវជំងឺប្រកាច់ពិតប្រាកដមួយ និងរួមផ្សំជាមួយជំងឺទឹកនោមផ្អែមរបស់គាត់ក៏ធ្វើឲ្យធ្ងន់ធ្ងរផងដែរ ។
ជនរងគ្រោះមានឈ្មោះ Aran Inthirom អាយុ ៦០ ឆ្នាំ បានបាត់បង់ស្មារតីដោយសារអស់កម្លាំងខ្លាំង ពីការព្យាយាមនាំយករបស់របរជាច្រើន ក្នុងអំឡុងពេលអគ្គីភ័យឆាបឆេះ ។ មិត្តភក្តិម្នាក់បានហៅ Saena និងប្រាប់នាងថា ពួកគេត្រូវជំនួយពីនាង ។ នាងនៅពេលនោះ ក៏បានរត់យ៉ាងប្រញាប់ប្រញាល់បំផុត ទៅកាន់កន្លែងកើតហេតុ និងភ្លាមៗនោះ បានទៅកាន់បុរសរងគ្រោះ ។
នាងបានទទួលការបណ្តុះបណ្តាលសង្គ្រោះលើកទី១ ហេតុនេះហើយមានន័យថា នាងក៏មានជំនាញពាក់ព័ន្ធក្នុងការអនុវត្តការជួយសង្គ្រោះបេះដូងផងដែរ ។ នាងត្រូវបានដឹងថា បានកំពុងស្ម័គ្រចិត្តធ្វើការជាប្រចាំ ជាមួយអង្គការ Ruam Katanyu អស់រយៈពេល ៣ ឆ្នាំ មកហើយ ។ នាងបានអនុវត្តសង្គ្រោះបឋមនេះ បន្ទាប់ពីគ្លីនិកដទៃពុំរវីរវល់ដល់អ្នកជំងឺ ។ នាងបានបន្តធ្វើការងារនេះ រហូតពួកគេបានទៅដល់មន្ទីរពេទ្យ ។
ទោះយ៉ាងណា ជំនួសឲ្យការកោតសរសើសម្រាប់ភាពក្លាហាន និងទង្វើពុំគិតពីខ្លួនរបស់នាង នោះពួកអ្នកលេងអ៊ីនធើរណែត១ក្រុម បានរិះគន់នាងចំពោះការ «លោតឡើងពីលើ» និង «ជិះច្រកគាវ» ទៅលើបុរសចំណាស់នោះ ខណៈកំពុងធ្វើចលនាបេះដូង ។
ពុំត្រឹមតែប៉ុណ្ណឹងទេ រឿងមិនសមរម្យច្រើនទៀត បានស្តែងឡើង ខណៈ Saena ស្លៀកសំពត់ខើចខ្លីបំផុត ខណៈចូលរួមធ្វើការសង្គ្រោះ «មិនសមរម្យ» ដល់អ្នកជំងឺទៀតផង ។
ទាក់ទងនឹងរឿងគេរិះគន់នេះផងដែរ Saena បានពន្យល់ថា៖ «ខ្ញុំពុំបានគិតសម្រាប់ខណៈពេល ដែលគេមើលមកខ្ញុំមិនល្អនោះទេ សំខាន់ គឺខ្ញុំត្រូវសម្រួលជីពចរ និងជួយសង្គ្រោះជីវិតជនរងគ្រោះប៉ុណ្ណោះ» ។ នាងបន្តថា៖ «ផ្លូវនៅទីនោះតូចចង្អៀតណាស់ ហើយស្ថិតនៅចម្ងាយ ៣០០ ម៉ែត្រ ទៅកាន់រថយន្តសង្គ្រោះបន្ទាន់» ។
នាងបន្ថែមថា៖ «វាមានសារៈសំខាន់ណាស់ ដើម្បីរក្សាការធ្វើវិធីនេះ ទៅកាន់រថយន្តសង្គ្រោះ ដូច្នេះ ខ្ញុំក៏បាន «ឡើងពីលើ» អ្នកជំងឺតែម្តង ។ ពិតមែនហើយ វិធីត្រឹមត្រូវដើម្បីសម្រួលបេះដូង គឺស្ថិតនៅចំហៀងនៃខ្លួនអ្នកជំងឺ ប៉ុន្តែ វាពុំអាចធ្វើទៅបានទេ នៅក្នុងកាលៈទាសៈបែបនេះ ។ ខ្ញុំពុំខ្វល់ពីអ្វីដែលថាអីចេះអីចោះឡើយ សំខាន់ គឺខ្ញុំត្រូវសម្រួលជីពចរ និងជួយសង្គ្រោះជីវិតជនរងគ្រោះប៉ុណ្ណោះឯង» ។
ប៉ុន្តែ គួរឲ្យសោកស្តាយ បុរសរងគ្រោះបានស្លាប់នៅឯមន្ទីរពេទ្យ Charoen Krung ថ្វីបើមានក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក្តី ។
ទោះបីក្រុមអ្នកលេងអ៊ីនធើរណេតនោះ បានធ្វើការរិះគន់នាងយ៉ាងណាក្តី តែមនុស្សជាច្រើនទៀត បានធ្វើការកោតសរសើរពីភាពក្លាហាន និងភាពមិនគិតពីខ្លួនឯងរបស់នាង ៕ ចន្ទី