ភ្នំពេញ ៖ ករណី ហិង្សាដោយអចេតនា បុរសម្នាក់បានយកកាំបិតផ្គាក់គប់បណ្តាលឲ្យត្រូវចំក្មេងម្នាក់របួសកាលពីល្ងាចថ្ងៃទី៧ខែមីនាឆ្នាំ២០១៨នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅក្រុងភ្នំពេញ។
កុមារារងគ្រោះឈ្មោះថន ភារម្យ អាយុ៣ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះហ៊ុត សាវឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានគរបាលវរការពាព្រំដែន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ប៉ូលិសនិយាយថាមុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកជាមួយកូនប្រុសខ្លួននៅចំណុចកើតហេតុខាងលើ រួចក៏យកកាំបិតផ្គាក់ដងឬស្សីប្រវែង ១ម៉ែត្រ គប់ទៅលើកូនប្រុសខ្លួន ក៏ត្រូវកុមារារងគ្រោះ ដែលកំពុងជិះកង់លេងនៅក្បែរនោះចំថ្ងាស់បែកឈាមសន្លប់បាត់ស្មារតី ពេលនោះឪពុកម្តាយកុមារារងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកកុមារារងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ៖បញ្ញាស័ក្តិ