បាត់ដំបង៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ច នៃអធិការស្រុកកំរៀង បានករណីគ្រោះធម្មជាតិ ដោយរន្ទះបាញ់ បានបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈកំពុងដាក់ជីដំណាំក្នុងភូមិសាស្ត្រស្រុកកំរៀង។
លោក ស្រី វុឌ្ឍី អធិការនគរបាលស្តីទីស្រុកកំរៀង បានប្រាប់សារព័ត៌មានឲ្យដឹងថា÷ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងបានកើតឡើងនៅល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ផាត សៅធា ភេទប្រុស អាយុ ៣០ឆ្នាំ ភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
អធិការបានបានបញ្ជាក់ថា មុនពេលកើតហេតុ ស្របពេលមេឃស្រទុំ ព្រមទាំងមានភ្លៀងរលឹមតិចៗ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅដាក់ជីដំណាំពោតនៅឯចម្ការ ហើយមិនយូរប៉ុន្មាន គ្រាដែលកំពុងស្ពាយធុងដាក់ជីដើរ ក្នុងចម្ការក៏ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យឆេះរោលខ្លោចស្លាប់ នៅនឹងកន្លែងតែម្តង។
សូមជម្រាបផងដែរថា នៅក្នុងខេត្តបាត់ដំបង ចាប់តាំងពីដើមខែមេសា ឆ្នាំ ២០២១មក នៅក្នុងភូមិសាស្ត្រតំបន់ព្រំដែនស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គ្រោះធម្មជាតិរន្ទះបាញ់ បានបាញ់សម្លាប់មនុស្សប្រុស ស្រីកើនដល់ចំនួន ៦នាក់ ខណ:សត្វពាហនៈជាច្រើនក្បាលទៀត បានងាប់ដោយសារគ្រោះធម្មជាតិនេះ។
អាជ្ញាធរបានអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះមហន្តរាយធម្មជាតិរន្ទះ ខ្យល់កន្រ្តាក់ ដែលកើតមានឡើង ក្នុងរដូវវស្សាតែងតែមានភ្លៀង ផ្គរ ខ្យល់កន្រ្តាក់ជាដើម៕ រក្សាសិទ្ធិដោយ៖CEN