ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានដួលរលំរាបដល់ដី ខណៈពេលដែលមានភ្លៀងរលឹម គួបផ្សំនិងខ្យល់កន្ត្រាក់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុជាបឋម បានឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋប្រមាណជា ៤ ខ្នងធ្វើពីស័ង្កសី បានដួលរលំរាបដល់ដី ស្ថិតនៅភូមិកោះត្រាចឃុំថ្មី ស្រុកកំពង់រោទិ៍ ហើយដោយឡែកផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ក៏បានរងការខូចខាតជាច្រើនខ្នងផងដែរ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតផងដែរថា គេមិនទាន់ដឹងចំនួនពិតប្រាកដ នៃផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត និងមានមនុស្សរងគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ដោយសារតែស្ថានភាពមេឃងងឹត។ ក្រៅពីរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់នាល្ងាចថ្ងៃដដែលនេះ ចរន្តអគ្គិសនីនៅក្នុងឃុំថ្មី ក្នុងស្រុកកំពុងរកបានដាច់ទាំងស្រុង។
ចំពោះព័ត៌មានលម្អិតយ៉ាងណាទៀតនោះ ក្រុមការងារអ្នកសារព័ត៌មាន និងធ្វើសេចក្តីរាយការការណ៍ជូនជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ