ព្រះសីហនុ៖ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រៀមបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ និងផ្តល់បទពិសោធន៍ល្អ ដល់នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីឲ្យការងារចុះអប់រំច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ ពិសេសអ្នកបើកបរបានយល់ដឹងពីសារៈសំខាន់ នៃការគោរពច្បាប់ ឈានទៅកាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះនាឆ្នាំខាងមុខ។
លោក អ៊ី សុខា ស្នងការរងនគរបាល ខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យអ្នកយព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុដឹងថា នគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៦៥នាក់ ក្នុងនោះមានស្ត្រី ៩នាក់ នឹងទទួលបានវគ្គបំប៉នស្តីពីច្បាប់ចរាចរណ៍ដើម្បីឈានទៅចុះអប់រំច្បាប់នេះ ជូនប្រជាពលរដ្ឋ ឲ្យបានរលូនថែមទៀត។
លោកបន្តថា ការបើកវគ្គបំប៉ននេះ ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាលពីពេលថ្មីៗនេះ បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ នៅទូទាំងប្រទេស ត្រូវរិះរកគ្រប់មធ្យោបាយ ចុះអប់រំ និងចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឈាន់ទៅកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះនៅកម្ពុជា ពិសេស អ្នកជិះម៉ូតូត្រូវធ្វើយ៉ាងណាឲ្យពាក់មួកសុវត្ថិភាពឲ្យបានជាប្រចាំ ព្រោះគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃនេះបានសម្លាប់មនុស្ស ៤នាក់ក្នុង ១ថ្ងៃៗ។
សម្តេច ស ខេង នៅតែព្រួយបារម្ភ ចំពោះអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ ថានៅមានតួលេខខ្ពស់នៅឡើយ ព្រោះតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់នេះបានសម្លាប់មនុស្សចំនួន ៤នាក់ក្នុង ១ថ្ងៃៗ។ លោកបន្តថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងត្រីមាសទី៣ បានកើតមានចំនួន ៨រយ ២៤លើក និងបានសម្លាប់មនុស្ស ៤ រយ ២៦នាក់។
សម្តេចក្រឡាហោម ឲ្យដឹងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ នាទីស្តីការក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
នាឱកាសនោះ សម្តេច ស ខេង ក៏បានដាក់បទបញ្ជាទៅកម្លាំងសមត្ថកិច្ចក្រោមឱវាទនៅទូទាំងប្រទេស ឲ្យបន្តចុះអប់រំ និងពង្រឹងច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋនៅតាមរាជធានីខេត្តនីមួយៗ ឲ្យបានច្រើនថែមទៀតនាថ្ងៃខាងមុខ ដើម្បីឲ្យប្រកាដថា អ្នកជិះម៉ូតូគ្រប់ៗរូប ត្រូវតែពាក់មួកការពារសុវត្ថិភាព ហើយអ្នកបើកបររថយន្ត ត្រូវតែពាក់ខ្សែក្រវាត់ ទោះចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ បន្ថែមលើនេះ សម្តេច ស ខេង ក៏បានណែនាំដល់កម្លាំងនគរបាល នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស កម្ពុជា ត្រូវខិតខំរកមធ្យោយណែនាំដល់ប្រជាពលរដ្ឋឲ្យបង្កើនការគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ដែលរាល់ថ្ងៃនេះ បានសម្លាប់មនុស្ស ៤នាក់ក្នុង ១ថ្ងៃ ឲ្យថយចុះចំនួននាបណ្តាឆ្នាំខាងមុខ។
របាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ មានចំនួន ៨រយ ២៤លើក សម្លាប់មនុស្ស ៤រយ ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន១ពាន់ ២រយ ១៦នាក់។ អត្រាគ្រោះថ្នាក់បានថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦។
របាយការណ៍ដដែល ឲ្យដឹងថា រាជធានី-ខេត្ត ដែលមានចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ដោយជាមធ្យមមានមនុស្សស្លាប់ ៤នាក់ ក្នុង ១ថ្ងៃៗ។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្តាលមកពីកត្តាល្បឿនបើកលឿនហួសច្បាប់កំណត់មានចំនួន ៣៦ភាគរយ មិនគោរពសិទ្ធអទិភាព ១៧ភាគរយ និងបើកបរមិនប្រកាន់ស្តាំ ១៥ភាគរយ។
ងាកទៅខេត្តព្រះសីហនុឯណោះវិញ ស្នងការដ្ឋាននគរបាលខេត្តនេះ បានបង្ហាញរបាយការណ៍ថា អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនមនុស្សស្លាប់ ដោយគ្រោះចរាចរណ៍ក្នុងរយៈពេល ៩ខែឆ្នាំ២០១៧ បានថយចុះ បើប្រៀបធៀប ៩ខែដូចគ្នាឆ្នាំ២០១៦។
របាយការណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បង្ហាញថា គិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានកើតមានចំនួន ១រយ ៥៨ករណី។ គ្រោះថ្នាក់នេះ កាលពី៩ខែឆ្នាំ២០១៦ មាន ២រយ ៥២ករណី បានថយចុះចំនួន៩៤ករណី។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កដោយជនបរទេស ច្រើនជាងជនជាតិខ្មែរ ហើយភាគច្រើនកើតមាន រវាងរថយន្ត និងម៉ូតូ។
របាយការណ៍ដដែល ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ៩ខែឆ្នាំ២០១៧ នាខេត្តព្រះសីហនុ បានសម្លាប់មនុស្ស ៤៨នាក់ ស្រី ១៤នាក់ និងមានជនបរទេសស្លាប់ចំនួន ៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៩៧នាក់ ស្រី ៦៨នាក់ បរទេស ២២នាក់។ បើប្រៀបធៀប ៩ខែឆ្នាំ២០១៦ មានមនុស្សស្លាប់ចំនួន ៨១នាក់ បានថយចុះ ៣៣នាក់ និងរបួសធ្ងន់ស្រាលចំនួន៤រយ ៣២នាក់ ថយចុះ ១រយ ៣៥នាក់។ គ្រោះថ្នាក់នេះ បានខូចខាតយានយន្ត ចំនួន ២រយ ៦៥គ្រឿង បើធៀប ៩ខែឆ្នាំ២០១៦ បានថយចុះ ១រយ ៦០គ្រឿង។ ក្នុងនោះខូចខាតរថយន្តចំនួន ៨៧គ្រឿង ម៉ូតូ ១៧៦គ្រឿង និងរថភ្លើងចំនួន ២គ្រឿង។
មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែអ្នកបើកបរមានល្បឿនហួសច្បាប់កំណត់ ៨៣ករណី បើកប្រជែងគ្នា ១៨ករណី បើកបរក្នុងស្ថានភាពស្រវឹង ១៥ករណី បត់ផ្លូវគ្រោះថ្នាក់មាន ២៤ករណី អ្នកបើកបរមិនប្រកាន់ស្តាំ និងមិនគោរពសិទ្ធិអទិភាពជាដើម។
ត្រង់ចំណុចនេះ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរលឿនហួសច្បាប់បានកំណត់ បើកបរប្រជែងគ្នា ជាពិសេសត្រូវចេះយោគយល់ និងអធ្យាស្រ័យដល់អ្នកបើកបរដូចគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានជាយថាហេតុ។
លោក អ៊ី សុខា ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានក្នុងមូលដ្ឋានខេត្តព្រះសីហនុកន្លងមក ភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ច្រើនជាងកត្តាយានយន្ត។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ច្រើនជាង ៥០ភាគរយ បណ្ដាលមកពីអ្នកបើកបរយានយន្តគ្រប់ប្រភេទ ពិសេសរថយន្តមានល្បឿនលឿនហួសច្បាប់កំណត់ អ្នកបើកបរស្រវឹង បើកបរប្រជែងគ្នាក្នុងស្ថានផ្លូវកោងមានគ្រោះថ្នាក់ និងបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ជាដើម៕ ដោយៈ សត្យា