ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៧គ្រួសារ មានទីតាំងនៅជិតវត្តអូត្រេះ សង្កាត់លេខ4 ក្រុងព្រះសីហនុនៅថ្ងៃទី13 ខែមីនា ឆ្នាំ2018 ប្រសិនបើ ក្នុងករណីពលរដ្ឋទាំង ៧គ្រួសារ មិនទទួលយកដំណោះស្រាយដោយសន្តិវិធី ដែលរដ្ឋបាលខេត្តដោះស្រាយជូនទេ។
បញ្ហានេះ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោក ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីតំណាងអង្គភាពស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងខេត្ត ដើម្បីត្រៀមកម្លាំង ចុះរុះរើផ្ទះ របស់ប្រជាពលរដ្ឋចំនួន ៧គ្រួសារ នៅជិតវត្តអូត្រេះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមីនា បើក្នុងករណី ប្រជាពលរដ្ឋទាំង ៧គ្រួសារ មិនព្រមទទួលយកដំណោះស្រាយដោយសន្តិវិធី ក្រោយបញ្ចប់ឱសានវាទត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ផៃ ប៊ុនវណ្ណៈ ឲ្យដឹងថា កន្លងមក មានវិវាទដីធ្លី រវាងពលរដ្ឋច្រើនគ្រួសារជាមួយម្ចាស់ដីមួយកន្លែង ដែលរដ្ឋបាលខេត្តទទួលស្គាល់ថា ភាគីម្ចាស់ដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវស្របតាមទម្រង់ការច្បាប់។ ករណីនេះ លោកថា ដោយមានពាក្យបណ្តឹងមករដ្ឋបាលខេត្តឲ្យជួយដោះស្រាយបញ្ហានេះ ទើប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចាត់ចែងធ្វើការដោះស្រាយដោយបានសម្របសម្រួលជាបន្តបន្ទាប់ រវាងភាគីម្ចាស់ដី និងភាគីប្រជាពលរដ្ឋ។ ក្នុងនោះភាគីខាងម្ចាស់ដី បានធ្វើសម្បទានយល់ព្រមជួយដោះស្រាយគោលនយោបាយជូនពលរដ្ឋ តាមរយៈប្រគល់ដីមួយកន្លែងទៀត ដែលស្ថិតនៅតំបន់ប៉ែកខាងលើវត្តអូត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ដូចគ្នា ជូនពលរដ្ឋពាក់ព័ន្ធដោយក្នុងមួយគ្រួសារៗ ទទួលបានដីថ្មីទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ និងទឹកប្រាក់បន្ថែមចំនួន ៥ពាន់ដុល្លារសហរដ្ឋអាមេរិកថែមទៀត។
លោកអភិបាលរងខេត្ត បានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋដែលពាក់ព័ន្ធវិវាទដីធ្លីខាងលើនេះ មានចំនួនសរុប ២៦គ្រួសារ ប៉ុន្ដែបច្ចុប្បន្ន ក្រោយមានដំណោះស្រាយពីរដ្ឋបាលខេត្តជាបន្តបម្ទាប់មកនេះ គឺមានប្រជាពលរដ្ឋចំនួន ១៩គ្រួសារហើយបានយល់ព្រមទទួលយកសំណង និងបានមកតាំងទីលំនៅថ្មីសង់ជាផ្ទះសំបែងរស់នៅបង្កើតជាភូមិឋានរស់នៅដោយមានសុវត្ថិភាព។ ព្រមគ្នានេះ ពលរដ្ឋចំនួន 19គ្រួសារនោះ បានបង្ហាញការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយដោះស្រាយឲ្យពួកគាត់ មានដីធ្លីធ្វើផ្ទះសំបែងស្នាក់នៅ ដោយស្របច្បាប់។
លោក ផៃ ប៊ុនវណ្ណៈ បន្តទៀតថា ចុងក្រោយនេះ នៅសល់ពលរដ្ឋ ៧គ្រួសារទៀត ដែលមិនទាន់យល់ព្រមទទួលយកដំណោះស្រាយពីរដ្ឋបាលខេត្ត គឺពេលនេះ ពួកគាត់កំពុងស្វះស្វែងរកអន្តរាគមន៍បន្ត។ ទាក់ទិនបញ្ហានេះ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំង ៧គ្រួសារ ដោយ ទុកពេលជូនពលរដ្ឋ ៧គ្រួសារចុងក្រោយនេះ ឲ្យធ្វើការសម្រេចចិត្ត និងបានដាក់ឱសានវាទត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ហើយក្នុងករណីពលរដ្ឋទាំង ៧គ្រួសារចុងក្រោយនេះ មិនទទួលយកសំណង ឬផុតថ្ងៃកំណត់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨តទៅ រដ្ឋបាលខេត្តនឹងរុះរើផ្ទះ របស់ប្រជាពលរដ្ឋទាំង 7គ្រួសារនោះចោល ដោយមិនទទួលខុសត្រូវ ទៅលើរាល់ការខូចខាត ឬមិនផ្តល់ជាសំណងជូនទៀតទេ៕ ដែន សីមា