ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនក្នុងការចុះត្រួតពិនិត្យនិងចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ឃើញថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញបានចេញប្រតិបត្តិការលើការងារនេះយ៉ាងសកម្មនិងម៉ឺងម៉ាត់ ដោយគិតមកដល់ចុងសប្តាហ៍នេះរដ្ឋបាលរាជធានីភ្នំពេញបានត្រួតពិនិត្យនិងចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបានជាង៦០០០គ្រឿងហើយ ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី១០ មីនានេះថា
អនុត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជារដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារការរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ។
ជាលទ្ធផលប្រតិបត្តិការគិតមកដល់ថ្ងៃ០៨មីនាឆ្នាំ២០១៨នេះ យើងបានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន៦០២២គ្រឿង ក្នុងនោះមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ១៩៥គ្រឿង។ លោកបញ្ជាក់ថា ក្នុងចំណោមរថយន្តឃាត់ទុកដើម្បីត្រួតពិនិត្យទាំង៦០២២គ្រឿងនោះក៏មានរថយន្តល្មើសច្បាប់ចរាចរ រថយន្តគ្មានឯកសារ ត្រឹមត្រូវតាមច្បាប់មួយចំនួនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរថយន្តទាំងនោះយើងមិនបានឃាត់ទុកនោះទេ ពោលគឺយើងបានណែនាំអោយពួកគាត់ទៅបំពេញបែបបទអោយបានស្របច្បាប់ត្រឹមមុននឹងការធ្វើអាជីវកម្មបន្តទៀត។ ដោយឡែកសម្រាប់រថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ១៩៥គ្រឿងនៅ យើងបានឃាត់ទុកនិងបានកាត់ទ្រុងដែលតលើសចោលតែម្តង។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧គ្រឿង ក្នុងនោះ រថយន្ត ២.៩៥៣គ្រឿង ដឹកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀលផងដែរ ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈតទៅ គឺគ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង ៕ ដោយ៖កូឡាប