សកម្មភាពក្មេងប្រុសតូចម្នាក់ ដែលមានអាយុប្រហែល ៣ ទៅ ៤ ឆ្នាំ ឱបលើកដាក់ធ្យូងទាំងបាវៗមានទំហំតូចៗល្មម ដើម្បីជួយជំនួសការងារឪពុកម្តាយរបស់គេយ៉ាងស្វាហាប់ បានកំពុងទទួលទាំងការកោតសរសើរ និងរិះគន់ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម ចំពោះឪពុកម្តាយដែលបានប្រើកូនរបស់ពួកគេ ឲ្យធ្វើការងារហួសកម្លាំងរបស់ក្មេងបែបនេះ ។
នៅក្នុងវីដេអូ បើទោះបីជាក្មេងប្រុសនេះ បង្ហាញភាពរីករាយក្នុងការងារមួយនេះរបស់គេយ៉ាងណាក៏ដោយ ប៉ុន្តែ ត្រូវបានគេមើលឃើញថា វានឹងប៉ះពាល់សុខភាពរាងកាយរបស់គេនៅក្នុងថ្ងៃអនាគត ។ ទន្ទឹមនឹងការព្រួយបារម្ភនេះផងដែរ គេក៏បានកោតសរសើរដល់ក្មេងប្រុសម្នាក់នេះជាខ្លាំង ដែលជាក្មេងល្អ ចេះជួយជំនួសដៃជើងឪពុកម្តាយរបស់គេដ៏ស្វាហាប់ ទាំងវ័យនៅតូចក្រូចឆ្មារយ៉ាងនេះ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារប្រមាណ ៧៥ ម៉ឺននាក់ ត្រូវបានគេសង្កេតឃើញកំពុងប្រឈមទៅនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ដែលក្នុងនោះមានកុមារបម្រើការងារតាមផ្ទះ កុមារក្នុងវិស័យសិប្បកម្មឡឥដ្ឋ វិស័យនេសាទ និងវិស័យកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងមានពលកម្មកុមារចំណាកស្រុកផងដែរ ៕ ចន្ទី