Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ រងគ្រោះដោយបាក់ច្រាំងទន្លេ នៅស្រុកលើកដែក ដោយនៅ​ចំ​ផ្លូវទឹក​ហូរ​ដែល​ខ្សែទឹក​បុក​ចំ

ខេត្តកណ្តាល ៖ អាជ្ញាធរ​ស្រុក និង​កាកបាទ​ក្រហម​ខេត្តកណ្តាល​ កំពុង​ចុះ​​ទៅ​ពិនិត្យ​មើល​ផលប៉ះពាល់​​ ដើម្បី​រៀបចំ​ការជួយ​គាំទ្រ​ដល់​ពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ការបាក់​ច្រាំង​ទន្ល នាំឱ្យ​ខូចខាត​ផ្ទះសំបែង​ទាំងនោះ​។

អាជ្ញាធរ​ស្រុក​លើកដែក​ បាន​ចុះទៅ​ពិនិត្យមើល​ផលប៉ះពាល់​នៃ​ការបាក់​ច្រាំងទន្លេ​ ​ដើម្បី​ផ្តល់ជំនួយ បន្ទាប់ពី​មាន​ករណី​បាក់​ច្រាំងទន្លេ​កាលពី​ថ្ងៃទី​ ២៣ ខែ ឧសភា ឆ្នាំ​ ២០២១ នៅមុខ​វត្ត​ព្រែកដាច់ ស្ថិតនៅ​ភូមិ​ព្រែកដាច់ ឃុំ​ព្រែកដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល​ដែល​ធ្វើឱ្យប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ១៨ ​គ្រួសារ​។

នៅរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលទទួលរង រងគ្រោះបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារ នៅឃុំព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។

ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខ ដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។

លោក ចាប ច័ន្ទវិទ្យា អភិបាល​ស្រុក​លើកដែក បាន​ប្រាប់កាសែតក្នុងស្រុក​ថា ​នៅ​ទីនោះ​មិន​មាន​សំណង់​រឹងមាំ​ទេ គឺជា​ផ្ទះ​តូចៗ ប្រក់​បាំង​ស័ង្កសី​ខ្លះ ឈើ​ខ្លះ មាន​សំណង់​ផ្ទះថ្ម​ខ្លះ​ដែរ តែ​គាត់​ធ្វើ​អត់​រឹងមាំ​ទេ​សំណង់​ហ្នឹង​គាត់​ធ្វើ​តាំងពី​យូរ​ឆ្នាំ​មកហើយ​ ហើយការបាក់​ច្រាំងទន្លេ​នេះ តែង​កើត​មាន​ជា​រៀងរាល់ឆ្នាំ​។ ជាក់ស្តែង​សម្រាប់​ឆ្នាំនេះ​មាន​ការប្រេះ​ដី​ចូល​ច្រាំងទន្លេ​ដល់​ប្រមាណ​ជាង​ ៣០ ​ម៉ែត្រ ចំណែក​ទទឹង​ដែល​បាន​បាក់​លើក​នេះ​ចូល​ជិត​ ៤​ ម៉ែត្រ​។

ការបាក់​ច្រាំងទន្លេ​នេះ​កើតឡើង​នៅក្នុង​ភូមិ​ព្រែកដាច់ ឃុំ​ព្រែកដាច់ ស្រុក​លើកដែក នៅ​វេលា​ម៉ោង​ ២ និង​ ៣០ ​នាទី​រសៀល​​ថ្ងៃទី​ ២៣ ខែ ឧសភា ឆ្នាំ​ ២០២១។ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើកដែក​ បាន​ចុះទៅ​ជួយ​យក​សម្ភារ​ចេញពី​កន្លែង​ប្រឈម​ការបាក់ដី និង​ជួយ​រុះរើ​ផ្ទះ ​ដែល​ប្រឈម​នឹង​ការបាក់​ស្រុត​នៅ​ទីនោះ ​ទៅកាន់​​ទី​មាន​សុវត្ថិភាព​បាន​មុន​ ១ ​ថ្ងៃ។ ហេតុនេះ​មិនមាន​ពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​នោះទេ​។

ពលរដ្ឋ​ប្រាប់ថា មានការ​ប្រេះ​ដី ពេល​យើង​ដឹង​ហេតុ​អ៊ីចឹង ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​ចេញពី​ទីនោះ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​។

បើតាម​លោក ហាំ ធូ អធិការនគរបាល​ស្រុក​លើកដែក ការបាក់​ច្រាំងទន្លេ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការខូចខាត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រុះរើ​មិនទាន់​។ ​ករណី​នេះ​កន្លងមក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ធ្លាប់បាន​ក្រើនរំឭក​ពលរដ្ឋ​នៅ​ទីនោះ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការបាក់​ច្រាំងទន្លេ​ ហើយមូលហេតុ​បាក់​ច្រាំង​ទន្លេ ​គឺ​កន្លែង​ហ្នឹង​វា​ធ្លាប់​បាក់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ម្តង​ហើយ​ ហើយចំណុច​ហ្នឹង​នៅ​ចំ​ផ្លូវទឹក​ហូរ​ដែល​ខ្សែទឹក​បុក​ចំ អ៊ីចឹង​កន្លែង​ហ្នឹង​វា​ចេះតែ​បាក់​បន្តបន្ទាប់​អ៊ីចឹងទៅ ហើយ​យើង​អត់​ដឹង​ពេលវេលា​វា​បាក់​នៅពេលណា​ម៉ោង​ណា​ប្រាកដ​នោះទេ​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×