Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី លឹម គានហោ ណែនាំ​មន្ត្រី​ជំនាញ​ពិនិត្យមើល ជួសជុល​សំណង់ ទំនប់​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​បានល្អ

កំពង់ស្ពឺ ÷ ទំនប់​អាងទឹក​ចំការ​តែ មាន​ទីតាំង​ស្ថិតនៅលើ​ខ្នងភ្នំ​គិរី​រម្យ ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ ​២០២០ ​កន្លងទៅ ពេលនេះ​ត្រូវបាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​មន្ត្រី​នាយកដ្ឋាន​វិស្វកម្ម , មន្ត្រី​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម មន្ត្រី​បច្ចេកទេស និង​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​គម្រោង​ស្តារឡើងវិញ សម្រាប់​ប្រើប្រាស់​លើ​ការ​ស្តុក​ទឹក នឹង​ទប់ទឹក​នា​រដូវវស្សា​ឆ្នាំ​២០២១​នេះ​។

​សូមបញ្ជាក់ថា ទំនប់​អាងទឹក​ចំការ​តែ​នេះ​មាន​កម្រិត​រក្សា​ទឹក​អតិបរមា​ប្រមាណ ៧​លាន​ម៉ែត្រគូប​នេះ ត្រូវបាន​គេ​ពិនិត្យឃើញ​ខូចខាត​ដោយសារ ជំនន់​ទឹកភ្លៀង ហូរ​ច្រោះ​បាក់​ដាច់​ត្រង់ចំណុច​សំណង់​ខ្នង​ទំនប់​ចាស់ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គម និង​ដោយសារ​រង​ឥទ្ធិពល​ពី​ព្យុះ បាន​កើតមាន​បន្តបន្ទាប់ រួមជាមួយ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ដ៏​ច្រើន​លើសលប់​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០​។

​ជាមួយនឹង​ការចុះពិនិត្យ​សំណង់​ការដ្ឋាន​ប្រព័ន្ធធារាសាស្ត្រ​នេះ​ផងដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ណែនាំ​ដល់​ក្រុមមន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស មន្ទីរ​ធនធានទឹក និង​ឧតុនិយម ត្រូវ​បន្ត​តាមដាន និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ជិតស្និទ្ធ ធ្វើយ៉ាងណា​ឲ្យ​សំណង់​ទំនប់​ផ្សេងៗ មានគុណ​ភាពរឹងមាំ​យូរអង្វែង ដើម្បី​បម្រើ​ជា​ប្រយោជន៍​ដល់​ការងារ​បង្កបង្កើនផល ការ​ផ្ត​ត់​ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុង​តំបន់​ផងដែរ​។

​ក្រៅពី​ការស្ដារ​ជួសជុល​ឡើងវិញ​នូវ​ទំនប់​អាងទឹក​ចំការ​តែ​នេះ បើតាម​ការពិនិត្យ​ទៅលើ​ប្រព័ន្ធធារាសាស្ត្រ​ផ្សេងៗ​ថា នៅ​ដើមឆ្នាំ​២០២១​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ការជួសជុល​កែរ​លម្អ​សំណង់​ចាស់ និង​កសាង​សំណង់​ថ្មី ជា​បេតុង​អា​មេ​បន្ថែម ដែល​ទើប​សាងសង់​រួច​នាពេលនេះ រួមមាន ៖

  • ស្តារឡើងវិញ​ទំនប់​ប្រវែង​៨០​ម៉ែត្រ ជើងទេរ​ទំនប់​ប្រវែង ១២០​ម៉ែត្រ​,
  • សាងសង់​សំណង់​ស្នូល​បេតុង ០១​កន្លែង ,
  • សាងសង់​សំណង់​លូ​ជ្រុង​(​ទ្វារ​២) ០១​កន្លែង ,
  • ជួសជុល​កន្ទុយ​សំណង់​បង្ហៀរ ០១​កន្លែង ,
  • ជួសជុល​សំណង់​បង្ហៀរ ០១​កន្លែង ៕ ពិសិដ្ឋ CEN​
×