នេះជាហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈដែលពស់ថ្លាន់១ក្បាល ប្រវែង ៣ ម៉ែត្រ ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីកំពុងជាប់គាំងនៅក្រោមកង់រថយន្តដឹកទំនិញ១គ្រឿង ដែលបានជាប់ផុងនៅក្នុងផ្លូវក្រាលបេតុងបាក់ស្រុតមួយកន្លែង នៅក្នុងប្រទេសថៃ ។
រថយន្តដឹកចំណីអាហារនោះ បានកំពុងបើកបរតាមផ្លូវបេតុងមួយ ស្ថិតក្នុងទីប្រជុំជន Chachoengsao នៅពេលនោះវាក៏បានសង្កត់បណ្តាលឲ្យបាក់ស្រុត ជាប់ផុងទៅមុខលែងរួចតែម្តង ។
បំណែកផ្ទាំងថ្ម បានបញ្ចេញពស់ថ្លាន់១ក្បាល ដែលកំពុងសង្ងំដេកនៅខាងក្រោមនោះ ។ ក្រុមសង្គ្រោះ បន្ទាប់មក បានមកដល់កន្លែងកើតហេតុ និងប្រញាប់ប្រញាល់លើករថយន្ត ដើម្បីសង្គ្រោះពស់១ក្បាលនេះ ។
អ្នកបើបរឈ្មោះ Chavalit Thongsada អាយុ ២៩ ឆ្នាំ បាននិយាយថា៖ «រថយន្តរបស់ខ្ញុំបានផុងនឹងរណ្តៅផ្លូវដ៏ធំមួយ ហើយខ្ញុំពុំអាចបើករថយន្តទៅមុខបានទេ ។ ខ្ញុំចុះទៅពិនិត្យ និងពិតជាភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញពស់១ក្បាល ស្ថិតនៅខាងក្រោមកង់រថយន្តបែបនេះ» ។
«ខ្ញុំបានបើករថយន្តតាមផ្លូវនេះជារៀងរាល់ថ្ងៃ ហើយពុំដែលមានបញ្ហាកើតឡើងដូចថ្ងៃនេះទេ ។ មនុស្សជាច្រើនបានមកចោមរោមមើល និងជួយរុញរថយន្តខ្ញុំចេញពីក្នុងគ្រលក់បាក់ស្រុត និងបន្ទាប់មក នាំគ្នាទាញពស់នោះចេញ» ។
គួរបញ្ជាក់ថា ពស់ថ្លាន់នេះនៅតែមានជីវិត ខណៈវាត្រូវបានជួយសង្គ្រោះ ។ វាក៏ត្រូវបានបញ្ជូនទៅកាន់ពេទ្យសត្វក្បែរនោះផងដែរ ប៉ុន្តែ ក្រោយមកត្រូវបានប្រកាសថាងាប់ ៕ ចន្ទី