Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា ៖ សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​វឌ្ឍនភាព​និង​ជំនឿ​

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងថា សមិទ្ធផល​នានា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​វឌ្ឍនភាព ជំនឿ និង​ការគោរព​ប្រណិប័តន៍ ដ៏​ជ្រាលជ្រៅ ចំពោះ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ឲ្យឃើញ​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​ការគាំទ្រ​របស់​បងប្អូន​ប្រជាជន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ជាច្រើន ស្ថិត​នៅ​វត្ត​មង្គល​និវេសន៍ ហៅ​វត្ត​កណ្តោលជ្រុំ​ក្នុង នៅ​ភូមិ​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​។​

​សមិទ្ធផល​ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​នេះ​មាន ឧបដ្ឋានសាលា ០១​ខ្នង ទំហំ​១៨​ម៉ែត្រ​គុណ​២៤​ម៉ែត្រ សាលា​ពុទ្ធិក​បឋមសិក្សា​កម្រង សម្តេច ហេង សំរិន ពញាក្រែក ១​ខ្នង កម្ពស់​២​ជាន់ ទំហំ​៩​ម៉ែត្រ​គុណ​២៣​ម៉ែត្រ កុដិ​ថ្ម​១​ខ្នង ដែល​មាន​ទំហំ​៩,៣០​ម៉ែត្រ​គុណ ១៦,៦០​ម៉ែត្រ អាងទឹក អណ្តូងទឹក ស្រះ​ទឹក ខ្លោងទ្វារវត្ត សួនច្បារ ផ្លូវ​បេតុង រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀត​។​

​សមិទ្ធផល​ទាំងអស់នេះ បាន​ផ្តើមកសាង​តាំងពី​ឆ្នាំ​២០០៥​មក ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លោកជំទាវ ព្រមទាំង​ព្រះសង្ឃ គណៈកម្មការ​វត្ត ប្រជា​ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​សរុប​ទឹកប្រាក់​ក្នុង​ការសាងសង់​អស់​ជិត ៣០​ម៉ឺន​ដុល្លារ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ការជួបជុំ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សាលា​ពុទ្ធិក​បឋមសិក្សា​កម្រង សម្តេច ហេង សំរិន ពញាក្រែក រួម​នឹង​សមិទ្ធផល​នានា នាពេលនេះ គឺ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​វឌ្ឍនភាព ជំនឿ និង​ការគោរព​ប្រណិប័តន៍ ដ៏​ជ្រាលជ្រៅ ចំពោះ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ឲ្យឃើញ​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​ការគាំទ្រ​របស់​បងប្អូន​ប្រជាជន​យើង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ក្នុង​ការកៀងគ​រធន​ធាន តាម​គ្រប់​មធ្យោបាយ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍ ប្រទេសជាតិ​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ឲ្យមាន​ភាពរុងរឿង​រីកចម្រើ​ន​ដូច​សព្វថ្ងៃនេះ​។​

​សម្តេច​បាន​គូសបញ្ជាក់​បន្តថា ព្រះពុទ្ធសាសនា​បាន​រស់រាន​មានជីវិត​ឡើងវិញ បន្ទាប់​ពី​ឆ្លងកាត់​នូវ​យុគសម័យ​ដ៏​ខ្មៅ​ងងឹត និង​ជូរចត់ ក្នុង​របប​វាល ពិឃាដ​ប្រល័យពូជសាសន៍ ប៉ុល ពត​។ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត វត្ត​នេះ​ក៏​ដូច​បណ្តា​វត្ត​នានា​នៅ​ទូទាំង​ប្រទេស ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ក្លាយ​ជា​គំនរ​ផេះផង់​គ្មានអ្វី​សេសសល់​ឡើយ​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ព្រះសង្ឃ គណៈកម្មការ​វត្ត អាចារ្យ និង​ពុទ្ធបរិស័ទ បាន​មូលមតិ​គ្នា កសាង​ទី​អារាម​នេះ រហូត​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ជាអាទិ៍ៈ​ការកសាង​ព្រះវិហារ ឧបដ្ឋានសាលា របង កុដ្ឋិ និង​សមិទ្ធផល​ជាច្រើន​ទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព ដែល​ជា​មូល ដ្ឋានគ្រឹះ​នៃ ការអភិវឌ្ឍ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​ពួក​អគតិ និង​ជន​ជ្រុលនិយម​ទាំងឡាយ ដែល​ចូលចិត្ត​ញុះញង់​បំភ័ន​បំភ្លៃ​ការពិត និង​តែងតែ​រារាំង ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល និង​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងអស់នេះ ឲ្យបាន​ល្អ​ប្រសើរ និង​ស្ថិត​ស្ថិរ​គង់វង្ស​យូរអង្វែង​។​

“​បន្ទាប់ពី​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ឧបដ្ឋាន​សាលា និង​សាលា​ពុទ្ធិក​បឋមសិក្សា​ដ៏​ថ្មី​សន្លាង​នេះ នឹង​ក្លាយជា​ទី​កន្លែង​សមាទាន សីល សន្សំ​បុណ្យ កុសល និង​ជា​មជ្ឈមណ្ឌល​អប់រំ សិក្សាធិការ ព្រះធម៌ ព្រះ​វិន័យ គម្ពីរ​ព្រះ​ត្រៃ​បិដក ព្រមទាំង​ជា​ទី​សេ​នាសនៈ សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​នានា តាម​គន្លង ព្រះពុទ្ធសាសនា​” នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​សម្តេច​ប្រធានរ​ដ្ឋ​សភា ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×