ចៅហ្វាយក្រុងហ្វីលីពីន បាននិយាយកាលពីម្សិលថា អ្នកស្រីកំពុងបញ្ជាឲ្យបើកការស៊ើបអង្កេត បន្ទាប់ពីវីដេអូរឿងសិចមួយ បានលេចឡើងនៅលើផ្ទាំងប៉ាណូពាណិជ្ជកម្ម ស្ថិតនៅតាមបណ្តោយផ្លូវដ៏សំខាន់មួយរបស់ក្រុងនេះ ដែលធ្វើឲ្យអ្នកបើកបរជាច្រើនភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ។
វីដេអូនេះបានបង្ហាញប្រហែលកន្លះវិនាទី នៅលើផ្ទាំងប៉ាណូអេឡិចត្រូនិចនោះ ស្ថិតនៅចំណុចផ្លូវប្រសព្វដ៏សំខាន់មួយ ក្នុងក្រុង Makati ដែលជាតំបន់ពាណិជ្ជកម្មស្នូល នៃរដ្ឋធានី Manila កាលពីរសៀលថ្ងៃអង្គារ ។
ចៅហ្វាយក្រុង Makati អ្នកស្រី Abigail Binay បានចេញបញ្ជាភ្លាមៗឲ្យបិទផ្ទាំងប៉ាណូនោះ បន្ទាប់ពីឃ្លីបសកម្មភាពសិចកំពុងសម្តែង ប៉ុន្តែ រូបភាព និងវីដេអូរបស់វា ត្រូវបានថតយកបានដោយអ្នកបើកបរជាច្រើន ដែលបានយកទៅបង្ហោះចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ។
អ្នកស្រី Banay និយាយថា ផ្ទាំងប៉ាណូនេះ នឹងនៅតែផ្អាការចាក់ផ្សាយពាណិជ្ជកម្ម ដើម្បីរង់ចាំលទ្ធផលនៃការស៊ើបអង្កេត ។
សេចក្តីថ្លែងការពីការិយាល័យអ្នកស្រី បានឲ្យដឹងថា ការស៊ើបអង្កេតនេះនឹងរាប់បញ្ចូល ថាតើម្ចាស់ផ្ទាំងប៉ាណូនេះ, គឺក្រុមហ៊ុនហ្វីលីពីន Globaltronics ឬក៏បុគ្គលិករបស់ខ្លួន ដែលជាអ្នកទទួលខុសត្រូវ ចំពោះករណីនេះ ។
រូបភាពអាសអាភាស គឺខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីនដែលកាន់សាសនាកាតូលិកដ៏លើសលុប ដែលដាក់កម្រិតដ៏តឹងរ៉ឹងទៅលើកម្មវិធីទូរទស្សន៍ និងរឿងភាពយន្ត ។
ទោះយ៉ាងណា គេហទំព័រអាសអាភាស Pornhub បាននិយាយកាលពីឆ្នាំមុនថា ហ្វីលីពីនជាប់ចំណាត់ថ្នាក់ទី១៣ នៅក្នុងពិភពលោក ដែលមានអ្នកទស្សនារឿងក្តីសាច់នេះជារៀងរាល់ថ្ងៃ ៕ ចន្ទី