ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យអប់រំនៅតែជាអាទិភាពយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបណ្តុះបណ្តាលគ្រូបង្រៀនគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ដល់កូនខ្មែរជំនាន់ក្រោយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រីយរបស់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១.៦៣០នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីដំណើរវិវត្តន៍នៃវិទ្យាស្ថានជាតិអប់រំនេះ ដែលពីមុនគ្រាន់តែជាសាលា គរុកោសល្យធម្មតាតែប៉ុណ្ណោះ តែពេលនេះបានក្លាយជាវិទ្យាស្ថានជាតិអប់រំដ៏ធំមួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចូលរួមចំណែកជំរុញវិស័យអប់រំ ឲ្យមានការីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកផងដែរថា ក្រោយឆ្នាំ ១៩៧៥ គឺវិស័យអប់រំបានបំផ្លាញរលាយទាំងស្រុងដោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយឆ្នាំ ១៩៧៩ យើងមិនមានសាលារៀនគ្រប់គ្រាន់ឡើយដែលពេលនោះយើងបានអនុវត្ត “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច រីឯអ្នកចេះតិចបង្រៀនអ្នកមិនចេះ” ដែលក្រោយមកវិស័យអប់រំជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។
វិស័យអប់រំគឺមានការផ្សាភ្ជាប់ទៅនឹងវិស័យផ្សេងៗ ពីព្រោះវិស័យទាំងអស់សុទ្ធតែត្រូវការធនធានមនុស្សជាចាំបាច់។ រាជរដ្ឋាភិបាលតែងតែខិតខំជំរុញវិស័យអប់រំ ជាក់ស្តែងបច្ចុប្បន្នយើងមានអគារសាលារៀនរាប់ពាន់ខ្នងត្រូវបានកសាងគ្រប់ទីកន្លែង។ ទន្ទឹមនឹងការកសាងសាលារៀន រាជរដ្ឋាភិបាលក៏បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរដូចជាផ្លូវថ្នល់ និងមន្ទីពេទ្យ។ល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងសម្រេចបាននៅថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខ សន្តិភាព ដែលផ្តល់ឱកាសអោយគរុនិស្សិតយើងបានសិស្សារៀនសូត្រទទួលបានជោគជ័យជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនយើងគ្មានអគារស្អាតល្អដូចវិទ្យាស្ថានជាតិអប់រំថ្ងៃនេះទេ។ ពីមុនយើងទៅជួលរោងការគេទេ មករៀបចំចែកសញ្ញាប័ត្រអោយនិស្សិតយើង ។ ប៉ុន្តែថ្ងៃនេះ គឺយើងមានអគារស្អាតល្អសមរម្យ បំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីរៀបចំទទួលនឹងប្រគល់សញ្ញាប័ត្រអោយនិស្សិតបានសមរម្យល្អ។
កម្ពុជាយើងបានឈានឡើងយ៉ាងឆាប់រហ័សពីស្ថានការណ៍មួយពីមុនយ៉ាងលំបាកបំផុត។ នៅក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-១៩៧៩) គឺវិស័យអប់រំត្រូវបានបំផ្លាញដល់ប្ញសគល់ស្ទើររលាយទាំងស្រុង ។ ធនធានមនុស្សត្រូវបានកំទេចចោលស្ទើរអស់រលីងពីប្រទេស។ យើងបានខិតខំកសាងប្រទេសជាតិ និងធនធានមនុស្សពីបាតដៃទទេរ ស្របពេលដែលកម្ពុជាពេលនោះត្រូវបានហ៊ុមព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងលំបាកបំផុត។ កម្ពុជាពេលនោះ គឺម្ខាងគឺរំដោះប្រទេស ម្ខាងទប់ស្កាត់របបប្រល័យ ពូជសាសន៍ប៉ុលពតកុំឲ្យវិលត្រឡប់មកវិញ និងម្ខាងទៀតគឺជួយស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ បន្ទាប់ពីមានការយកចិត្តទុកដាក់ជាច្រើនឆ្នាំ ដោយគណបក្សប្រជាជន ថ្ងៃនេះយើងបានឃើញពីការរីកចម្រើនពិតប្រាកដនៃវិស័យអប់រំ ដែលជាមោទនភាពសម្រាប់ជាតិសាសន៍របស់យើងទាំងមូល៕ ដោយ៖បញ្ញាស័ក្តិ