បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលជនលិចផ្លូវនិងផ្ទះសំបែង ប្រជាពលរដ្ឋនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋឃើញ វត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងនាយសេនាធិការយោធភូមិភាគទី៥ ដឹកនាំក្រុមការងារ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ភ្លៀងធ្លាក់រយៈពេល២ថ្ងៃជាប់គ្នា នៅតំបន់ព្រំដែន ហើយទឹកហូរធ្លាក់ពីភ្នំយាយសំ បណ្តាលលិចព្រៃសហគមន៍រនាមដូនសំ ហើយជន់លិចផ្លូវ២ខ្សែ និងផ្ទះសំបែងប្រជាពលរដ្ឋនៅខាងលើផ្លូវ ចូលតំបន់អភិវឌ្ឍន៍បឹងជម្រុក កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រហូតពេលនេះ។
បើតាមលោកអភិបាលខេត្ត បានបញ្ជាក់ថា ៖ក្រោយទទួលព័ត៌មានបានចុះទៅពិនិត្យមើល ស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចព្រៃរនាមដូនសំ និងផ្ទះសំបែងនៅខាងលើផ្លូវ និងផ្លូវ២ខ្សែ ដែលទឹកហូរកាត់ អាជ្ញាធរសម្រេចកាយដាក់ប្រព័ន្ធលូ ចំនួន២កន្លែងដើម្បីរំដោះទឹក ហើយតំបន់នេះតាមព័ត៌មានលិចរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលទឹកហូរធ្លាក់ពីភ្នំយាយសំ តែលិចរយៈពេលខ្លីស្រកទៅវិញ៕ រក្សាសិទ្ធិដោយ៖ជំនោ