នេះជារឿងមួយដ៏គួរឲ្យអាណិតអាសូរណាស់ ខណៈដែលស្រ្តីម្នាក់ឆ្លងជំងឺកូវីដ-១៩ ហើយ ត្រូវប្តីប្រើអំពើហិង្សា និងថែមទាំងបណ្តេញចេញពីផ្ទះ វេចបង្វិចខោអាវ រត់មកអង្គុយយំនៅលើចិញ្ចើមផ្លូវទាំងកណ្តាលយប់ ដែលឃើញហើយពិតជាគួរឲ្យសង្វេគខ្លាំងណាស់។
នេះបើតាមលោកវរសេនីយ៍ឯក Kritspanu Chamnongwong អនុប្រធាននៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងខេត្តសាមុតប្រាកុន បានប្រាប់ឲ្យដឹងថា លោកត្រូវបានគេជូនដំណឹងនេះនៅម៉ោង ១០ និង ៣០ យប់នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ ដោយមានស្ត្រីម្នាក់ឆ្លងជំងឺកូវីដ-១៩ ត្រូវបានប្តីវាយធ្វើបាបលើរាងកាយ ហើយថែមទាំងបណ្តេញចេញពីផ្ទះ ដែលធ្វើឲ្យនាងបង្ខំចិត្តវេចបង្វិចខោអាវរត់ចេញ មកអង្គុយនៅលើផ្លូវ Sukhumvit នៅជិតផ្លូវចូលស្ថានីយ៍ Bang Ping BTS អនុស្រុក Pak Nam ស្រុកមឿង ខេត្ត សាមុតប្រាកាន។ បន្ទាប់ពីទទួលបាននូវការជូនដំណឹងនេះរួចហើយ ក្រុមការងាររបស់លោក ក៏ធ្វើដំណើរទៅកន្លែងកើតហេតុ ដើម្បីពិនិត្យស្ដ្រីរូបនោះ។
ស្រ្តីរងគ្រោះមានឈ្មោះ Chantra អាយុ ២៤ ឆ្នាំ ត្រូវបានរកឃើញថា កំពុងអង្គុយយំ នៅលើកម្រាលថ្មនៃផ្លូវ ជាមួយបង្វិចខោអាវ។ មន្រ្តីបានបញ្ជាក់ថា Chantra បានទៅធ្វើតេស្តជំងឺកូវីដ Samut Prakan នៅមន្ទីរពេទ្យ សាមុត ប្រាកាន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ហើយលទ្ធផលត្រូវបានបញ្ជាក់វិជ្ជមាន នៅថ្ងៃទី៩ ខែកក្កដា។
អ្នកស្រី Nucharaporn Siam អាយុ ៥០ ឆ្នាំ ត្រូវជាម្តាយរបស់ស្ត្រីរងគ្រោះបាននិយាយថា នៅពេលមានការផ្ទុះឡើងនូវជំងឺឆ្លងដ៏ធ្ងន់ធ្ងរនៅអនុស្រុក Pak Nam កូនស្រីរបស់គាត់បានទៅធ្វើតេស្តិ៍ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសាមុតប្រាកាន នៅថ្ងៃទី៦ ខែកក្កដា ហើយលទ្ធផលតេស្តបានចេញមកនៅថ្ងៃទី ៩ ខែកក្កដាត្រូវ បានរកឃើញថាបានឆ្លងមេរោគកូវីដ-១៩។
អ្នកស្រី Nucharaporn បានបន្តថា ផ្ទះរបស់កូនស្រីរបស់គាត់ និងប្តីរបស់នាង គឺស្ថិតនៅ Soi Wat Nai Song Viharn ដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រ ពីផ្ទះរបស់គាត់។ ប៉ុន្តែ បន្ទាប់ឆ្លងកូវីដ កូនស្រីរបស់គាត់ ត្រូវបានគេឲ្យឃុំខ្លួននៅផ្ទះ អស់មួយរយៈពេលកន្លងមក។ ហើយក៏មិនមានរោគសញ្ញាអ្វីទៀតឡើយ។
ប៉ុន្តែ រហូតមកដល់ម្សិលមិញនេះ កូនស្រីរបស់គាត់បានទូរស័ព្ទប្រាប់ថា នាងមានអាការៈក្អួត និងរាគ ហើយថ្ងៃនេះនាងឈឺទ្រូងទៀតផង។ ដូច្នេះ គាត់បានទូរស័ព្ទទៅប្រាប់គ្រូពេទ្យ ប៉ុន្តែនៅពេលដែលគ្រូពេទ្យចុះទៅពិនិត្យ ស្រាប់តែប្តីរបស់នាង ដេញក្រុមគ្រូពេទ្យចេញមិនឲ្យចូលនោះទេ និងវាយធ្វើបាបកូនស្រីរបស់គាត់រួចបណ្តេញកូនស្រីរបស់គាត់ចេញពីផ្ទះ រហូតដល់កូនស្រីរបស់គាត់បង្ខំចិត្តវេចបង្វិចខោអាវ រត់ចេញពីផ្ទះទាំងពិបាកដកដង្ហើមយ៉ាងខ្លាំង មកអង្គុយយំនៅលើដងផ្លូវ។ នាងមិនហ៊ានចូលផ្ទះរបស់គាត់ ព្រោះនាងខ្លាចថា វីរុសនឹងឆ្លងទៅមនុស្សក្នុងផ្ទះនាំទុក្ខដល់គ្រួសារបន្ថែមទៀត មុនពេលទូរស័ព្ទទៅប្រាប់ពួកគាត់ ដើម្បីឱ្យសុំជំនួយអន្តរាគមន៍ពីអាជ្ញាធរ រហូតក្រុមគ្រូពេទ្យមកជួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង