Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម១ខែ កូរ៉េខាងត្បូងជួបទុក្ខផ្ទួនៗ ខណៈយន្តហោះមួយគ្រឿងទៀត ដឹកអ្នកដំណើរ១៦៩នាក់ ឆាបឆេះសន្ធោសន្ធៅ

យន្តហោះដឹកអ្នកដំណើរ Air Busan Airbus របស់កូរ៉េខាងត្បូងបានឆេះនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ខណៈដែលយន្តហោះនេះកំពុងហៀបនឹងចេញដំណើរ ក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុងហុងកុង កាលពីយប់ថ្ងៃចន្ទ (២៨ មករា)។ តែជាសំណាងល្អ អ្នកដំណើរទាំង ១៦៩ នាក់ និងសមាជិកនាវិក ៧ នាក់ នៅលើយន្តហោះ ត្រូវបានជម្លៀសចេញទាន់ពេលវេលា ដោយមានតែមនុស្ស ៣ នាក់ ប៉ុណ្ណោះ បានរងរបួសស្រាល។

នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក្រុង​ Busan ​ទទួល​បាន​ដំណឹង​ថា មាន​អគ្គិភ័យ​ឆាបឆេះ​ខាងក្នុង​តួ​យន្តហោះ​ នៅ​ម៉ោង​ប្រហែល ១០ និង ៣០ នាទី​យប់ ម៉ោងក្នុងស្រុក ខណៈទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ភ្លើងបានចាប់ផ្តើមនៅផ្នែកកន្ទុយនៃយន្តហោះ។

វីដេអូដែលចេញផ្សាយដោយទូរទស្សន៍ YTN បង្ហាញពីការប្រើប្រាស់ស្លាយ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្តហោះទាំងពីរផ្នែក ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានដោះស្រាយជាមួយផ្សែង និងអណ្តាតភ្លើង។

ចំពោះមូលហេតុ នៃឧបទ្ទវហេតុនេះ គេក៏អាចដឹងច្បាស់ភ្លាមៗនោះទេ ដោយរង់ចាំស៊ើបអង្កេតជាក្រោយ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះ Jeju Air Boeing ដែលកំពុងធ្វើដំណើរពីទីក្រុងបាងកកបានរអិលចេញពីផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បន្ទាប់ពីចុះចត ហើយកង់របស់វាជាប់គាំង។ ឧបទ្ទវហេតុធ្លាក់នេះ បានសម្លាប់អ្នកដំណើរ និងនាវិកចំនួន ១៧៩នាក់ ដោយក្នុងនោះមានសមាជិកនាវិកពីរនាក់ប៉ុណ្ណោះ ដែលនៅផ្នែកកន្ទុយ មានសំណាងបំផុតនៅមានជីវិត៕

×