Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ SEAFDEC លើក​ទី​៥០

​​ខេត្តសៀមរាប ៖ កិច្ចប្រជុំ​លើក​ទី​៥០ នៃ​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជលផល​នៃ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Fisheries Development Center, SEAFDEC) ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ជលផល និង​បាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​នៃ​ប្រទេស​សមាជិក​ទាំង​១១ ប្រទេស​ក្នុងនោះ​មាន​៖ កម្ពុជា ថៃ ឡាវ វៀតណាម សីង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ប្រុយ​ណេ មី​យ៉ាម៉ា និង​ប្រទេស​ជប៉ុន បាន​ធ្វើឡើង​នា​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា​ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​អង្គរ​ខេត្តសៀមរាប ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ជា​អធិបតី​។​

​កម្ពុជា​បាន​ចូល​ជា​សមាជិក SEAFDEC ក្នុង​ឆ្នាំ​២០០១ ហើយ​នេះ​ជា​លើក​ទី​២ ដែល​កម្ពុជា​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង និង​ផ្តល់​គំនិត យោបល់ ចំណេះដឹង បទពិសោធន៍ និង​អនុសាសន៍​នានា​របស់​សមាជិក​នៃ​អង្គប្រជុំ ពិតជា​ធាតុ​ចូល​ដ៏​មាន​សារប្រយោជន៍​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ជលផល​នេះ​ម្យ៉ាង ម្យ៉ាង​ទៀត​នេះ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គី ភាព និង​កិច្ចសហប្រតិបត្តិការ​ឈាន​ឆ្ពោះ​ការ​វិវឌ្ឍន៍​ជា​វិជ្ជមាន​នៃ​វិស័យ​ជលផល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប្រកបដោយ​និរន្តរភាព​។
​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ពិតណាស់ ប្រសិនបើ​គ្មាន​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រុមការងារ​នៃ​រដ្ឋបាល​ជលផល និង​ទទួលបាន​កិច្ចសហការ​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​ពី​សមាជិក SEAFDEC នោះ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នាពេលនេះ​ប្រាកដជា​មិន​អាច​កើតឡើង​បាន​ឡើយ​។​

SEAFDEC បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​ការ​គ្រប់គ្រង ការអភិវឌ្ឍ ការអភិរក្ស​ធនធាន​ជលផល​ឲ្យមាន​និរន្តរភាព​។ ទោះជា​យ៉ាងណា ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ការ​នេសាទ​ខុសច្បាប់ ការ​គ្មាន​របាយការណ៍ និង​ការកើនឡើង​នៃ​សកម្មភាព​នេសាទ ដែល​អាច​ហៅ​កាត់​ថា​នេសាទ​បែប IUU (Illegal fishing, Unreported fishing and Unregulated fishing, IUU) នៅតែ​ជា​បញ្ហា​ចំបង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​។​

​ជាងនេះទៅទៀត ការនេសាទ​បែប IUU ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​ធនធាន​ជលផល និរន្តរភាព បរិស្ថាន បាត់បង់​នូវ​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម ជា​ពិសេស​ការបាត់បង់​ប្រាក់ចំណូល​របស់​សហ​គ​មន៍​។ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ សហគមន៍​ជលផល​ថ្នាក់​តំបន់​និង​ថ្នាក់​អន្តរជាតិ​បាន​រៀបចំ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​បាន​កើតឡើង​។ ជាក់ស្តែង កម្ពុជា​បាន​សហការ​ជាមួយ​សហភាព​អឺរ៉ុប អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) និង​អង្គការ​អន្តរជាតិ​ដទៃទៀត ពិសេស​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​សមាជិក SEAFDEC ក្នុង​ការដោះស្រាយ​បញ្ហា​នេសាទ​បែប IUU នេះ ក្នុង​បំណង​គ្រប់គ្រង​ធនធាន​ជលផល​ឲ្យមាន​និរន្តរភាព​ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​អនាគត​។ លទ្ធផល​ជា​វិជ្ជមាន​មួយ​ចំនួន​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នេះ បាន​បង្ហាញ​ឲ្យឃើញ​ថា​វិស័យ​ជលផល​មាន​ការអភិវឌ្ឍ​ន៍​គួរឲ្យ​ចាប់អារម្មណ៍ ផល​នេសាទ​ទាំង​ទឹកសាប ទឹកប្រៃ និង​វារីវប្បកម្ម​អាច​ធានាបាន​នូវ​ការផ្គត់ផ្គង់​ត្រី និង​ផលិតផល​ត្រី​ដល់​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុងតែ​កើនឡើង​ជា​លំដាប់ និង​មាន​និន្នាការ​នាំចេញ​ផងដែរ​ជា​ពេល​អនាគត​។ យោង​លើ​ការងារ​ប្រតិបត្តិ​ជាក់ស្តែង ច្បាប់​ស្តីពី​ជលផល​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ ពិតជា​មិន​បាន​គ្របដណ្តប់​ទៅលើ​វិសាលភាព​នៃ​ការធ្វើ​នេសាទ​នៅ​តំបន់​ទឹកប្រៃ​ឱ្យបាន​ពេញលេញ​។​

​លោក​វេង សាខុន បានបញ្ជាក់​ថា នេះ​ជា​ហេតុផល​មួយ និង​ជា​ពិសេស​អនុលោម​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ជល​ផល​ជា​សេនាធិការ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឱ្យ​សមស្រប​តាម​លក្ខខណ្ឌ​និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការនេសាទ​។ ក្រៅពីនេះ កម្ពុជា​បាន​និង​កំពុង​រៀបចំ​ឯ​ក​សារ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ផ្តល់​សច្ចាប័ន​ដល់​លិខិត​តូប​ក​រណ៍​អន្តរជាតិ​សម្រាប់​វិស័យ​ជលផល​ចំនួន​ពីរ​គឺ​៖​ទី​១-​កិច្ចព្រមព្រៀង​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​របស់​អង្គការ​FAO ដែល ត្រូវបាន​ចាត់ទុក​ថា​ជា​វិធានការ ប្រយុទ្ធ ប្រឆាំង​នឹង​ការធ្វើ​នេសាទ​បែប IUU និង​ទី​២-​កិច្ចព្រមព្រៀង​ផល​ស្តុក​ត្រី របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ទទួលស្គាល់ថា​ជា​កិច្ចព្រមព្រៀង​ដើម្បី​ធានា​ការអភិរក្ស​យូរអង្វែង​និង​ការប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព​។

​ក្នុងនាម​រាជរដ្ឋាភិបាល លោក​ម​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា SEAFDEC នឹង​បន្ត​លើកកម្ពស់​ការអនុវត្ត​វិធានការ​ច្បាប់​និង​បច្ចេកទេស​ឲ្យមាន​ប្រសិទ្ធភាព​និង​សុក្រឹតភាព​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការនេសាទ​បែប IUU ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​និរន្តរភាព​ធន​ធាន​ជលផល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ប្តេជ្ញា ចិត្ត​ខ្ពស់​របស់​សមាជិក SEAFDEC ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​រក្សា​និរន្តរភាព​នៃ​ការនេសាទ និង​ការអភិវឌ្ឍន៍​ធនធាន​ជល ផល ហើយ​ប្រាកដ​ណាស់​កម្ពុជា​នឹង​បន្ត​ចូលរួម​និង​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង​និង​ការអភិវឌ្ឍន៍​ធនធាន​ជលផល​ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក​។

​ជាថ្មី​ម្តងទៀត លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សហគមន៍​អ​ន្ត​​រ​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​យកចិត្ត ទុកដាក់ និង​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ជលផល​នៃ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ល្អ​ប្រសើរ​នា​ពេល កន្លង មក និង​សូម​អំពាវនាវ​ឲ្យ​បន្ត​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ទាំង​ថវិកា បច្ចេកទេស និង​សម្ភារៈ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សំដៅ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ជលផល​របស់​ប្រទេស​នី​មួយៗ និង​តំបន់​ទាំងមូល​ក្នុង​បុព្វហេតុ​ចំបង​គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​ទទួលបាន​ជោគជ័យ​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

×