ជឿជាក់ថាប្រិយមិត្តជាច្រើន ដែលជាអ្នកចូលចិត្តតាមដាននៅលើបណ្តាញសង្គម Tik Tok ប្រាកដបានស្គាល់ហើយ តារាទីកតុកស្រីស្អាត សុខ លីន ដែលល្បីឈ្មោះ តាមរយៈការតែងតែបញ្ចេញវីដេអូបង្ហាញសកម្មភាពរាំក្រលែងខ្លួនយ៉ាងសមសួន ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ទាំងរូបរាង ទាំងពណ៌សម្បូរហាក់ប្រែប្លែកខុសពីមុនច្រើន នេះប្រហែលជាដោយសារតែតារាទីកតុករូបនេះ ចេះតែងខ្លួន ឬលួចកែខៃសម្ផស្សត្រង់កន្លែងណាខ្លះក៏មិនដឹង។
ជាការពិតណាស់ ក្រោយល្បីឈ្មោះនៅលើបណ្តាញសង្គម Tik Tok សុខ លីន ក៏ចាប់ផ្តើមចូលថតជាមួយវីដេអូឃ្លីបបែបកំប្លែង ជាមួយក្រុមកំប្លែងនាយ ពែកមី ដែលធ្វើឲ្យរូបនាងកាន់តែល្បីខ្លាំង។ តែយ៉ាងណា មួយរយៈចុងក្រោយនេះ ហាក់មិនសូវឃើញរូបនាងបង្ហាញខ្លួននៅលើកញ្ចក់ទស្សន៍ និងវីដេអូកំប្លែងទៀតនោះទេ។ ប៉ុន្តែ បើតាមការសង្កេតឃើញ គឺរូបនាងបានងាកមករកស៊ីលក់ផលិតផលថែរក្សារសម្រស់អនឡាញ និងឆ្លៀតរកចំណូលបន្ថែមពីការថតស្ពតឲ្យក្រុមហ៊ុនក្នុងស្រុកផងដែរ។
តែយ៉ាងណាមិញ ស្របពេលដែលជីវិតរបស់នាងពេលនេះហាក់កំពុងប្រសើរ ក៏កើតមានរឿងគ្រួសារចូលមករំខាន នោះគឺរឿងអតីតប្តីរបស់នាង ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្រាប់តែមកគំរាមចង់បានលុយពីនាង ដោយឥតអៀនខ្មាស និងសំអាងលុយចិញ្ចឹមកូន។
ដោយសារប្តី តែងតែចូលមកបានធ្វើការគំរាមផ្សេងៗ និងសូម្បីចោទប្រកាន់នាងថា បានល្បីតិចតួច ភ្លេចខ្លួនធ្វើស្រីលក់ខ្លួនជាដើម អត់ទ្រាំពុំបាន តារាតិកតុករូបនេះ ក៏បានសម្រេចចិត្តរៀបរាប់ពីជីវិតដ៏ល្វីងជូរចត់កប់ទុកអស់រយៈពេល៧ឆ្នាំមកនេះឲ្យដឹងថា ដោយសារតែជ្រើសរើសប្តីដោយចិត្តឯង ចុងក្រោយ ត្រូវរងកម្មជាមួយសម្ពាធផ្លូវចិត្តឥតល្ហែ ដោយប្តីវាយធ្វើបាប រហូតធ្វើឲ្យរូបនាងពុំអាចស៊ូទ្រាំភាពឈឺចាប់នេះតទៅទៀតបាន ក៏សម្រេចចិត្តចុះចេញពីគ្រួសារខាងប្តី ទាំងខ្លួនទទេ វិលត្រឡប់មកផ្ទះម្តាយបង្កើតវិញ ដែលសូម្បីតែកូនរបស់នាងក៏គេមិនឲ្យយកមកជាមួយដែរ។
នាងតែងតែលាក់បាំងអ្នកស្រុករហូត ដែលពួកគេតែងតែជជីកសួរថា ហេតុអ្វីមិនឃើញយកកូនមក? ដោយនាងបានកុហក់ថា កូនអត់ស្រួលខ្លួន តាមពិតគេ (ប្តី និងឪពុកក្មេកម្តាយក្មេក) មិនអនុញ្ញាតឲ្យយកមកនោះទេ។
ដោយឡែក ទាក់ទងការគំរាមកំហែងផ្សេងៗ ពីសំណាក់អតីស្វាមីនេះផងដែរ នាងក៏បានប្រាប់ទៅបងប្អូននៅលើបណ្តាញសង្គម ឲ្យដឹងជាមុនថា ប្រសិនបើបាត់ខ្លួននាង គឺគ្មានអ្វីក្រៅពីរឿងរ៉ាវនេះទេ តែនាងក៏បានបញ្ជាក់ថា បាត់ខ្លួននេះក៏មិនមែននាងសម្លាប់ខ្លួនឯងនោះដែរ តែគ្មានអ្នកណាក្រៅពីអតីតស្វាមីមកធ្វើបាបលើរូបនាងឡើយ។
នាងក៏បានបញ្ចេញឲ្យបងប្អូនបានដឹងទាំងហួសចិត្តថា អតីតស្វាមីរូបនេះពិតជាអាក្រក់ខ្លាំងណាស់ បានចូលមកឆាត ឬខលតាមរយៈទូរស័ព្ទមកផ្ទាល់ គំរាមកំហែងនាងសូម្បីឲ្យសងលុយ ថ្លៃនាងចូលមករស់នៅផ្ទះខាងម្តាយរបស់ខ្លួន (ដោយគិតជាថ្ងៃខែឆ្នាំ), ឲ្យសងលុយថ្លៃចេញប៉ាវស៊ីចុកកាលទើបស្រឡាញ់គ្នាដំបូងៗ និងសងលុយថ្លៃទៅមើលថែកើតកូន ឬ ពេលឈឺស្កាត់ម្តងៗទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង