ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការស្នើសុំដីក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅចំណុចអូរសែវ ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង (អនុវត្តជំហានទី១ ចំនួន ៥០០គ្រួសារ) សូមបញ្ឈប់ការទាក់ទងផ្ទាល់មកខ្ញុំ ព្រោះខ្ញុំគ្មានដីជូនទេ ហើយខ្ញុំក៏មិនមានសិទ្ធិសម្រេចដែរ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា គ្មានអន្តរាគមន៍ គ្មានលើ-ក្រោម គ្មានក្នុង-ក្រៅ អ្នកប្រព្រឹត្តបំពាន នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់! ជូនជ្រាប។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី៣១ខែមករាឆ្នាំ២០២៥នេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា “ខ្ញុំសុំការយោគយល់ និងអធ្យាស្រ័យពីពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងមិត្តភ័ក្ត និងញាតិសន្តានជិតឆ្ងាយ! ពាក់ព័ន្ធនឹងការស្នើសុំដីក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅចំណុចអូរសែវ ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង (អនុវត្តជំហានទី១ ចំនួន ៥០០គ្រួសារ) សូមបញ្ឈប់ការទាក់ទងផ្ទាល់មកខ្ញុំ ព្រោះខ្ញុំគ្មានដីជូនទេ ហើយខ្ញុំក៏មិនមានសិទ្ធិសម្រេចដែរ
សូមលោកអ្នកអញ្ជើញអនុវត្តតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន ផ.ក.អ. ដែលបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ-ដាក់ពាក្យ ព្រមទាំងនីតិវិធី និងលក្ខណៈវិនិច្ឆ័យដែលត្រូវផ្តល់ជូន! ដោយសេចក្តីគោរព”។
សូមរំលឹកថា លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
លេខាធិការដ្ឋានគណៈកម្មាការធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យ ដំណើរការ “កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រម ទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលនឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ដើម្បីរួម ភ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់ អាស្រ័យផល និងការការពារព្រៃនិងដីរដ្ឋសម្រាប់ការអភិវឌ្ឍដោយចីរភាព។
កម្មវិធីនេះ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល ព្រមទាំងដោះស្រាយការទន្ទ្រានដីរដ្ឋ ដែលដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន៥ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
១. ដំណាក់កាលរៀបចំ គ្របដណ្តប់លើយន្តការការកំណត់ទីតាំងដីនៅចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ហើយបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យកម្មវិធីរួចរាល់ ដោយជំហានទី១ គ្រោងនឹងអនុវត្តចំនួន៥០០គ្រួសារ។ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ផ.ក.អ. លេខាធិកាដ្ឋាន ផ.ក.អ. បានរៀបចំកញ្ចប់ផ្សព្វផ្សាយនិងបាន បណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធចំនួន២៥រាជធានី ខេត្តរួចរាល់ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មានអ្នកចូលរួម ៣ ២៧២នាក់ ដោយផ្តល់ព័ត៌មានពីកម្មវិធី ការធ្វើ លិខិតស្វ័យប្រកាស ការដាក់និងទទួលពាក្យ លក្ខណៈសម្បត្តិនិងកាតព្វកិច្ច អ្នកស្នើសុំដី ក្រុមការងារចំពោះ កិច្ច ក្នុងការឆ្លុះបញ្ចាំងអ្នកស្នើសុំដី និងរបៀបរបបការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។
២. ដំណាក់កាលបច្ចេកទេស ផ្តោតលើកិច្ចការរៀបចំដីធ្លីនិងរើសបុគ្គលមានសិទ្ធិទទួលដី។ ចំពោះការងារដីធ្លី ផ្តោតលើការចុះបញ្ជីដីរដ្ឋ ការរៀបចំផែនការប្រើប្រាស់ដី ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបែង ចែកដីឡូតិ៍លម្អិត ការឈូសឆាយទីតាំង បោះបង្គោលព្រំទីតាំង និងដីឡូតិ៍។ ចំណែកឯការរើសបុគ្គលមានសិទ្ធិ ទទួលដី ដោយផ្សព្វផ្សាយជូនដំណឹងរយៈពេល៣០ថ្ងៃនិងដាក់ពាក្យរយៈពេល២០ថ្ងៃ នៅសាលាឃុំ/សង្កាត់ដែល សាមីខ្លួនរស់នៅអចិន្ត្រៃយ៍(ចាប់ទទួលពាក្យចាប់តាំងពីថ្ងៃផ្សព្វផ្សាយពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥)។ សាមីជនត្រូវធ្វើលិខិតស្វ័យប្រកាសដាក់ពាក្យ ហើយរដ្ឋបាលឃុំ/សង្កាត់បញ្ហាចទទួលស្គាល់។ រដ្ឋបាលឃុំ/សង្កាត់ រៀបចំក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំលក្ខណៈវិនិច្ឆ័យនិងមូលដ្ឋានពិន្ទុ ដើម្បីឆ្លុះបញ្ចាំងភាព សមស្របក្នុងការជ្រើសរើសបុគ្គលមានសិទ្ធិទទួលដី។
៣. ដំណាក់កាលពិនិត្យភាពសមស្រប(រយៈពេល៧២ថ្ងៃ) ក្រុមការងារចំពោះកិច្ចឆ្លុះបញ្ចាំងភាពសមស្របផ្នែកលើ លក្ខណៈវិនិច្ឆ័យនិងតារាងពិន្ទុដែលបានរួមគ្នារៀបចំរួច រៀបបញ្ជីតាមលំដាប់អាទិភាពនៃកម្រិតក្រីក្រ កំណត់ហេតុ និងរបាយការណ៍ រួចបញ្ជូនឯកសារទាំងនោះតាមរយៈ ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត មកលេខាធិការដ្ឋាន បូកសរុបរៀបចំកំណត់ហេតុនិងរបាយការណ៍លើបញ្ជីឈ្មោះបុគ្គលមានសិទ្ធិទទួលដី គោរពជូនគណៈកម្មាធិការ ជាតិពិនិត្យនិងសម្រេច។
៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាពលើ (១) បុគ្គលមានសិទ្ធិទទួលដីនិងបុគ្គលអាចមានសិទ្ធិទទួល ដីបន្ទាប់ (២)ផែនការប្រើប្រាស់ដី (៣)ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង (៤)ផែនការបែងចែកដីឡូតិ៍លម្អិត ដោយគណៈកម្មាធិការជាតិ។
៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍន៍ ក្រោយមានការសម្រេចរបស់គណៈកម្មាធិការជាតិរួច លេខាធិការ ដ្ឋាន ជូនដំណឹងដល់បុគ្គលមានសិទ្ធិទទួលដីដើម្បីមកចាប់ឆ្នោតយកដី ហើយចុះកិច្ចសន្យា ព្រមទាំងបញ្ចូល ព័ត៌មានទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថល។ រៀបចំពិធីប្រគល់ដីឡូតិ៍ និងផ្តល់បណ្ណសិទ្ធិកាន់កាប់ប្រើប្រាស់ ដីនៃកម្មវិធី។ ចំណែកឯការចូលតាំងទីលំនៅ ដោយរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយរៀបចំអភិវឌ្ឍ សហគមន៍ឱ្យមាននិរន្តរភាព ដោយ(១)មានយន្តការគ្រប់គ្រង ថែទាំ គាំពារ តម្រង់ទិសជាប្រចាំ (២) លើកកម្ពស់ សុខភាពអនាម័យ ហូបស្អាត ផឹកស្អាត ហាត់ប្រាណ សម្រាក សម្រាន្តទៀងទាត់ គ្រប់គ្រាន់ (៣) លើកកម្ពស់ សមត្ថភាពគំនិតដោយបណ្តុះបណ្តាល និងប្រតិបត្តិ ផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមាន មិនខ្ជិល មិនខ្ចីខ្លា មិនខ្វះខ្ចាយ សន្សំសំចៃ ខុស្សាហ៍ព្យាយាម ជឿជាក់លើខ្លួនឯង ចេះជួយ ខ្លួនឯង និងជួយ អ្នកដ៏ទៃ មានគំនិត សហគមន៍ មានភាពជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាធុរជន… (៤) លើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើន នូវសមត្ថភាពជំនាញតាមស្ថានភាពតម្រូវ លើកកម្ពស់ការបង្កបង្កើនផល ចូលរួមជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុង ភាពជាដៃគូរជាមួយវិស័យឯកជនដោយពឹងកម្លាំងគ្នា ចែករំលែកទីផ្សារ បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដោយ គោរពគ្នាទៅវិញទៅមកនិងទទួលផលប្រយោជន៍ពីការការពារនិងដាំព្រៃឡើងវិញ។
លេខាធិការដ្ឋានសង្ឃឹមយ៉ាងមុតមាំថា សាធារណជននិងអ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមចំណែក គាំទ្រ និងអនុវត្តយ៉ាងសកម្មក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ មនសិការស្នេហាជាតិ ក្នុងឧត្តមប្រយោជន៍ បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី