ភ្នំពេញ ៖ សា្ថប័នប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ករណីអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុងម្នាក់ ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បី ល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ…ហើយនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៦ អ.ប.ព. បានកសាង សំណុំរឿងពាក់ព័ន្ធអំពើរំលោភអំណាច និង សម្អាតប្រាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី
កិច្ចបជុំលើកទី៨ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៣៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ០៣ករណី ដែលមានជនសង្ស័យចំនួន ១០ រូប៖
- ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធអំពើ បំផ្លាញ និងតៃបំបាត់ ទន្ទ្រាន ហ៊ុមព័ទ្ធ កាន់កាប់ ដុត កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តដោយឈ្មោះ ស្រ៊ុន សុផល (គេចខ្លួន) និងមានជនសង្ស័យ ៣រូប ៖ ១-ឈ្មោះ គី រតនា ភេទ ប្រុស អាយុ ៧១ ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ២-ឈ្មោះ ឈៀង ថាវរិទ្ធ ភេទប្រុស អាយុ ៦៨ ឆ្នាំ និង ៣-ឈ្មោះ ចំរើន វិសាល ភេទប្រុស អាយុ ២០ ឆ្នាំ ដែលអ្នកទាំង០៣ ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើបំផ្លាញ និងគេបំបាត់។
ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច មានទ្រព្យសម្បត្តិដោយ ខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ ប្រព្រឹត្តដោយមន្ត្រី អ.ប.ព. ២ រូប និងអ្នកសមគំនិត ១រូប ដែលមានជនសង្ស័យ ៣ រូប ៖ ១-ឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មន្ត្រី នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ២-ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជំនួយការ ជឹម អូន ជាប់សង្ស័យពី បទ សមគំនិតក្នុងអំពើរំលោភអំណាច និង ៣-ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទសម គំនិតក្នុងអំពើរំលោភអំណាច។
ករណីអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បី ល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ…ហើយនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៦ អ.ប.ព. បានកសាង សំណុំរឿងពាក់ព័ន្ធអំពើរំលោភអំណាច និង សម្អាតប្រាក់ ដែលមានជនសង្ស័យ ៤ រូប៖ ១-ឈ្មោះ ម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច និងសម្អាតប្រាក់ ២-ឈ្មោះ ម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់ ៣-ឈ្មោះ ពត ស្រីនាង ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ មេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ ៤-ឈ្មោះ ផល ដុល្លា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិត ក្នុងការសម្អាតប្រាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






