ដូចដែលយើងទាំងអស់គ្នា បានទទួលជ្រាបហើយ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ គឺនៅពុំទាន់ថមថយនៅឡើយនោះទេ ពោលគឺមានតែករណីឆ្លងថ្មីៗជាលំដាប់។ ជាក់ស្តែង នៅតំបន់មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក៏ត្រូវបានបិទខ្ទប់ឡើងវិញផងដែរ ដោយសារតែករណីផ្ទុះឡើងជំងឺកូវីដបំប្លែងថ្មី Delta ដែលមានលក្ខណៈឆ្លងលឿន និងសាហាវ។
ជាមួយស្ថានភាពនេះផងដែរ រាជរដ្ឋាភិបាល និងក៏ដូចក្រសួងសុខាភិបាល និងព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ នៅតែខិតខំយកទុកដាក់ជាប់ជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ ហើយទន្ទឹមនឹងនេះផងដែរ ក្រសួងក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តប្រកាន់ខ្ជាប់ឲ្យបានខ្ពស់ វិធានការការពារ រក្សាគម្លាតសង្គម ពាក់ម៉ាស់ និងបាញ់ទឹកអាកុលលាងដៃ ជាដើម ។ ហេតុនេះ រាល់ការប្រមូលផ្តុំ ជួបជុំទាំងឡាយណាក៏ដោយ គឺនៅតែត្រូវការហាមឃាត់ដដែល ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺនេះកាន់តែធ្ងន់ធ្ងរ។
តែបើទោះជារាជរដ្ឋាភិបាលបានធ្វើការហាមឃាត់យ៉ាងណា ក៏នៅតែមានមនុស្សមួយ លួចជួបជុំ ប្រមូលផ្តុំ ផឹកស៊ីសប្បាយអឺងកង ដោយមិនខ្វល់ពីការចូលរួមសហការជាមួយរដ្ឋាភិបាលឡើយ។ ហេតុនេះ ដើម្បីជាការឆ្លើយតបទៅនិងទង្វើដ៏ផ្គើននេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានចាត់វិធានទៅលើក្រុមមនុស្សនិយាយមិនចេះស្តាប់ ក្នុងនោះដូចជាបង្រ្កាបទៅលើទីតាំងលួចបើកក្លឹបកម្សាន្ត និងហាងខារ៉ាអូខេ ជាដើម។
ដោយឡែក ករណីមួយនេះវិញ ឃើញថាទិដ្ឋភាពពិតអស់ទាស់តែម្តង ខណៈសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះទៅជូនកាដូ ដល់ទាំងម្ចាស់ផ្ទះ និងអ្នកចូលរួម ជាមួយការរុកច្រមុះម្នាក់ម្តងៗ ដើម្បីយកសំណាកតេស្តរកជំងឺកូវីដ ខណៈពួកគេកំពុងជួបជុំធ្វើខួបកំណើត។
ក្រោយឃើញសមត្ថកិច្ចចុះទៅជូនកាដូបែបនេះ ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានការហួសចិត្ត បានចំអកដាក់ឲ្យឈឺថា៖ «Surprise ទាំងម្ចាស់ខួប និងអ្នកចូលរួមម៉ង ពូៗ!, រីករាយថ្ងៃកំណើតម្ចាស់ខួប ឆ្នាំមុនផ្លុំទៀន តែឆ្នាំនេះរុកច្រមុះ, សប្បាយណាស់យប់មិញ ខួបកំណើតមានមុខមានមាត់ណាស់ ហៅសុទ្ធតែពេទ្យ និងប៉ូលីសទៅចូលរួម ប្រហែលបានចំណងដៃច្រើនហើយមើលទៅ, សូមសសើរដល់ខាងសមត្ថកិច្ចចុះភ្លាមៗ ពិសេសកងទ័ពអាវស បានចុះទៅរុកច្រមុះទាំងយប់ ដល់ក្រុមដែលបានជួបជុំគ្នា ក្នុងពេលដែរគេសូមអោយនៅរក្សាគម្លាត,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង